(វ៉ាស៊ីនតោន)៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ យ៉ាងហោចណាស់១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅក្បែរមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ហើយបើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ជនរងគ្រោះទាំងអស់ត្រូវគេច្រឡំថា ជាក្រុមសកម្មប្រយុទ្ធ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអ៉ីរ៉ាក់ ការវាយប្រហារខាងលើបានកើតឡើងនៅក្នុងទីក្រុង Baghdadi ស្ថិតនៅចំងាយ១៧០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋាបាកដាដ។ ទីក្រុង Baghdadi គឺជាកន្លែងឈរជើងនៃមូលដ្ឋានទ័ពអាកាស Al Asad ប្រតិបត្តិការដោយកងទ័ពអាមេរិក និងអ៊ីរ៉ាក់។ ប៉ុន្តែទន្ទឹមគ្នានោះដែរ មានសេចក្ដីរាយការណ៍ផ្សេងៗពីគ្នា ពាក់ព័ន្ធនឹង ជនរងគ្រោះ ពោលគឺបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កងកម្លាំងសន្តិសុខអ៊ីរ៉ាក់១០នាក់ និងមន្ត្រីអ៊ីរ៉ាក់ក្នុងតំបន់ម្នាក់បានស្លាប់។ ចំណែកឯទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផ្អែកលើប្រភពពីមន្ត្រីអ៊ីរ៉ាក់ ក៏បានរាយការណ៍ដែរថាមនុស្ស០៨នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ស៊ើបការសំងាត់អ៊ីរ៉ាក់ម្នាក់ ប៉ូលិល០៥នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ រីឯ ២០នាក់រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវការរបស់ក្រុមចំរុះអាមេរិក។
គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៧ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយថា កងកម្លាំងអ៊ីរ៉ាក់ និងក្រុមចំរុះអន្តរជាតិរបស់អាមេរិក បាន បរាជ័យក្នុងការចាត់វិធានការពារជនស៊ីវិល ហើយប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាសហួសប្រមាណទៅលើក្រុមសកម្មប្រយុទ្ធ ISIS និងពេលខ្លះត្រូវចំលើកងកម្លាំងសម្ព័ន្ធមិត្ត ឬជនស៊ីវិលផងដែរ៕