(កាប៊ុល)៖ អាជ្ញាធរអហ្វហ្គានីស្ថាន បានឱ្យដឹងថាចំនួនមនុស្សស្លាប់បានកើនដល់៩៥នាក់ និង១៥៨នាក់ទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត យ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ទ្រព្យសម្បត្តិសាធារណជាច្រើន ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។
ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាតដោយរថយន្ត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាហ្វហ្គានីស្ថានថា ក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕