(រីយ៉ាដ)៖ ទីបំផុតព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Alwaleed bin Talal ដែលជាមហាសេដ្ឋីនិងវិនិយោគិនដ៏ល្បីរន្ទឺមួយរូបប្រចាំរាជាណាចក្រមួយនេះផងដែរនោះ ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ ក្រោយពីបានស្ថិតក្រោមការឃុំឃាំងអស់រយៈពេលជិតបីខែ នៅឯសណ្ឋាគារប្រណិតមួយកន្លែង ក្នុងអំឡុងការបើកប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ របស់អារ៉ាប៊ីសាអូឌីត ទៅលើបញ្ហាអំពើពុករលួយ។ នេះបើតាមប្រភពពីបុគ្គលដែលជិតស្និទ្ធនឹងព្រះអង្គម្ចាស់រូបនេះដកស្រង់សម្តីដោយសារព័ត៌មាន The Guardian នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
បើតាមប្រភពដដែល ព្រះអង្គម្ចាស់ Alwaleed ត្រូវបានដោះលែងចេញពីសណ្ឋាគារ Ritz-Carlton ដែលស្ថិតក្នុងទីក្រុងរីយ៉ាដ នាថ្ងៃសៅរ៍នេះ ជាទីដែលទ្រង់ត្រូវបានគេឃាត់ឃាំងមិនឲ្យយាងចេញ ទៅណាមកណា ចាប់តាំងតែពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ។ យ៉ាងណាមិញគេពុំទាន់បានដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើការចរចាដោះស្រាយតាមផ្នែកហិរញ្ញវត្ថុ ឬក៏លក្ខខណ្ឌបែបណា ដែលខ្សែរាជវង្សអង្គនេះ បានព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដើម្បីឈានដល់ការដោះលែងនេះនោះ។
នៅព្រឹកថ្ងៃជាមួយគ្នានេះ ថ្លែងក្នុងបទសម្ភាសន៍ពិសេសមួយ នៅឯសណ្ឋាគារ Ritz-Carlton ព្រះអង្គម្ចាស់ Alwaleed ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅប៉ុន្មានថ្ងៃខាងមុខទ្រង់នឹងរួចផុតពីបទចោទ ប្រកាន់នានា ហើយត្រូវដោះលែងឲ្យមានសេរីភាពវិញជាក់ជាពុំខាន។ ដូចការរំពឹងទុក ឈានចូលដល់វេលាយប់ថ្ងៃសៅរ៍នេះ ក៏មានដំណឹងថាទ្រង់ត្រូវបានដោះលែងភ្លាមៗតែម្តង។
គួរជម្រាបថា ព្រះអង្គម្ចាស់ Alwaleed គឺជាប្រធានក្រុមហ៊ុនម្ចាស់ភាគហ៊ុន Kingdom Holding Company (KHC) ដែលបានបណ្តាក់ទុនវិនិយោគទៅក្នុងក្រុមហ៊ុនធំៗលើពិភពលោករួមមាន Twitter, Lyft, Apple និងក្រុមហ៊ុនមួយចំនួនទៀត នៅក្នុងបណ្តាប្រទេសអឺរ៉ុប។ ព្រះអង្គម្ចាស់ Alwaleed ត្រូវបានគេឃុំខ្លួនកាលពីខែវិច្ឆិកាឆ្នាំទៅ រួមជាមួយព្រះអង្គម្ចាស់ផ្សេងទៀតយ៉ាងតិច១០អង្គ ព្រមទាំងពាណិជ្ជករល្បីៗ និងក្រុមមន្រ្តីរដ្ឋាភិបាលជាច្រើនរូបទៀតរបស់អារ៉ាប៊ីសាអូឌីត ដែលជាប់សង្ស័យពីបទប្រព្រឹត្តអំពើពុករលួយ៕