(កាប៊ុល)៖ មនុស្សសរុបកើនដល់៦៣នាក់ និង១៥១នាក់ទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងការបំផ្ទុះគ្រាប់បែកយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ ខណៈទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាតដោយរថយន្ត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់ នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។
គួរបញ្ជាក់តាមមន្ត្រីជំនាញអាហ្វហ្គានីស្ថានថា គ្រាប់បែកត្រូវបានគេដាក់បង្កៃនៅក្នុងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យតែម្តង ខណៈការសង្ស័យអំពីជនបង្ក ត្រូវធ្លាក់ទៅលើក្រុមតាលីបង់ និង ISIS៕