(វ៉ាស៊ីនតោន)៖ ថវិការាប់ពាន់លានដុល្លារ ត្រូវបានគ្រោងនឹងចំណាយ ដោយសហរដ្ឋអាមេរិក ទៅលើការត្រៀមមហាអំណាចមួយនេះ សម្រាប់សង្រ្គាមអវកាសជាមួយចិន និងរុស្ស៊ី នាពេលអនាគត។ នេះបើតាមសម្តីរបស់ប្រមុខការពារជាតិអាមេរិក លោក James Mattis ដកស្រង់ដោយសារព័ត៌មានអង់គ្លេស Express នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ការប្រកាសនេះបានលេចឡើង បន្ទាប់ពីផែនការយុទ្ធសាស្រ្តការពារជាតិឆ្នាំ២០១៨ របស់សហរដ្ឋអាមេរិក ដែលមានចំណងជើងថា «ការដុះខាត់សមត្ថភាពប្រកួតប្រជែង ផ្នែកយោធារបស់អាមេរិក» ត្រូវបានលាតត្រដាង។ ប្រមុខកងទ័ពរបស់ លោក ដូណាល់ ត្រាំ បាននិយាយថា ផែនការលម្អិតកំពុងត្រូវគូសវាសឡើង ដើម្បីជួយស្តារឥទ្ធិពលរបស់អាមេរិកឡើងវិញ នៅក្នុងទីអវកាស ដោយសារមានការព្រួយបារម្ភថា ចិនក៏ដូចជារុស្ស៊ី កំពុងតាមពីក្រោយយ៉ាងកៀក ជុំវិញរឿងនេះ។
លោក Mattis បានថ្លែងថា ឧត្តមភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក នៃផ្នែកយោធា នៅតាមផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ ផ្លូវព័ត៌មានវិទ្យា-អ៊ីនធឺណែត និងផ្លូវអវកាស កំពុងតែធ្លាក់ចុះខ្សោយ ហើយលោកបានសង្កត់ធ្ងន់ដោយប្រយោលថា ការប្រើប្រាស់ទីអវកាស សម្រាប់វិស័យយោធា កំពុងលេចឡើងជារូបរាងកាន់តែខ្លាំង ខណៈសង្រ្គាមទ្រង់ទ្រាយធំនាពេលខាងមុខ អាចនឹងផ្ទុះឡើងនៅក្នុងទីអវកាស។
យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបន្ថែមថា សកម្មភាពយោធានានា សំដៅដល់ការដណ្តើមគ្រប់គ្រងទីអវកាស ទំនងជានឹងកើតមាននៅលើផ្ទៃនៃភពផែនដីយើងផ្ទាល់ ជាជាងនៅលំហខាងក្រៅនៃបរិយាកាស។ វាពុំមែនដូចជាអ្វីដែលយើង ប្រហែលស្រមៃមើលថា មានការបាញ់ប្រហារដាក់គ្នា នៅទីអវកាសនោះឡើយ។
គួរជម្រាបថា សព្វថ្ងៃនេះមានផ្កាយរណបសំខាន់ៗជាច្រើន នៅក្នុងទីអវកាស ដែលអាចជួយដល់ប្រទេសនានា ក្នុងការងារជាច្រើនបែបយ៉ាង រាប់ចាប់ពីការព្យាករណ៍អាកាសធាតុ រហូតដល់ការឃ្លាំមើលយន្តហោះរបស់គូសត្រូវ និងឈ្លបយកការណ៍ ខណៈមហាអំណាចពិភពលោកជាពិសេស សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានបន្តធ្វើការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ជាបន្តបន្ទាប់ទៅកាន់អវកាស៕