(យូអិន)៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Nikki Haley ដែលមានវ័យ ៤៦ឆ្នាំ និងបានរៀបការ ២០ឆ្នាំមកហើយ ព្រមទាំងមានកូនពីរនាក់ផងនោះ បានច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងអស់ ដែលចោទលោកស្រីថា បានលួចមានទំនាក់ទំនងស្នេហា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយលោកស្រីចាត់ទុកការចោទទាំងបំពាននេះថា ជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត និងជាការប្រមាថដ៏ធ្ងន់ធ្ងរមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកស្រី Nikki ដែលជាតំណាងអាមេរិកនៅ UN «ខ្ញុំពិតជាបានចូលទៅក្នុងយន្តហោះពិសេស Air Force One ហើយមនុស្សមួយចំនួនទៀត ក៏ស្ថិតនៅក្នុងបន្ទប់នោះដែរជាមួយខ្ញុំ។ វាជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត និងជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ»។
ការឆ្លើយតបធ្ងន់ៗពី លោកស្រី Nikki Haley បានធ្វើឡើងបន្ទាប់ពី លោក Michael Wolff អ្នកនិពន្ធសៀវភៅ Fire and Fury: Inside the Trump White House ឬជាភាសាខ្មែរប្រែថា «ភ្លើង និងកំហឹង៖ នៅខាងក្នុងសេតវិមាន ត្រាំ» ដែលមានរៀបរាប់ពីរឿងរ៉ាវរសើបៗជាច្រើនដែលត្រូវបាន លោក ដូណាល់ ត្រាំ ចាត់ទុកថាគឺជារឿងប្រឌិតទាំងស្រុងនោះ បានអះអាងថា «លោក ត្រាំ កំពុងលួចលាក់មានស្នេហា ជាមួយនារីអាថ៌កំបាំងម្នាក់នៅក្នុងសេតវិមាន»។
អត្ថន័យដែលធ្វើឲ្យ លោកស្រី Nikki ក្តៅស្លឹកត្រចៀក និងមានការពិភាក្សាជុំទិសនៅក្នុងបណ្តាញសង្គម ជាពិសេស Twitter នោះគឺ «លោកប្រធានាធិបតីបានចំណាយពេលវេលាឯកជន មួយផ្នែកជាមួយនឹង លោកស្រី Nikki Haley នៅក្នុងយន្តហោះ Air Force One ដែលត្រូវបានគេមើលឃើញថា ជាការណែនាំទំនុកបម្រុងលោកស្រី ដើម្បីទទួលបានអនាគតផ្នែកនយោបាយមួយ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកស្រី Nikki Haley បានជម្រុញឲ្យមានរលកនៃប្រតិកម្មពីសំណាក់អ្នកលេងអ៊ីនធឺណិត និងបណ្តាញសារព័ត៌មានអាមេរិកនានា ហើយមនុស្សភាគច្រើនបានថ្កោលទោស លោក Wolff ចំពោះការសរសេរបែបស្មានៗ និងអ្នកខ្លះទៀតបានអះអាងថា លោកកំពុងដើរលើសពីខ្សែបន្ទាត់កំនត់ហើយ៕