(រីយ៉ាដ)៖ មហាសេដ្ឋីពាន់លាន និងជាព្រះអង្គម្ចាស់មួយអង្គក្នុងខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត គឺទ្រង់ Alwaleed bin Talal ដែលត្រូវបានជាប់ឃុំឃាំង នៅក្នុងអំឡុងនៃការធ្វើប្រតិបត្តិការបង្រ្កាប ទ្រង់ទ្រាយធំយ៉ាងកក្រើក ទៅលើអំពើពុករលួយ របស់ព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ នាពេលកន្លងទៅនោះ បានឲ្យដឹងនាថ្ងៃសៅរ៍នេះថា ទ្រង់រំពឹងថានឹងរួចផុតពីបទល្មើសនានា ហើយត្រូវគេដោះលែងឲ្យមានសេរីភាពវិញ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ការបញ្ជាក់នេះរបស់ព្រះអង្គម្ចាស់ Alwaleed ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបន្ទប់ស្នាក់នៅរបស់ទ្រង់ ក្នុងសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំ ជាទីដែលខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតអង្គនេះ ត្រូវបានហាមប្រាមមិនឲ្យយាងចេញទៅណាមកណា អស់រយៈពេលជាង ០២ខែ មកហើយ រួមជាមួយនិងជនសង្ស័យ ក៏ដូចជាព្រះអង្គម្ចាស់ដទៃៗទៀត។
គួរជម្រាបថា នេះគឺជាលើកទីមួយហើយ ដែលព្រះអង្គម្ចាស់ Alwaleed ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបរបស់អារ៉ាប៊ីសាអូឌីត បានមានបន្ទូលជាសាធារណៈ គិតចាប់តាំងតែពីការចាប់ឃុំខ្លួនរបស់ទ្រង់។ បើតាមព្រះអង្គម្ចាស់ ពុំមានការផ្តឹងចោទប្រកាន់ជាផ្លូវការណាមួយ ត្រូវបានធ្វើឡើងនោះឡើយ ដោយគ្រាន់តែមានការពិភាក្សាមួយចំនួន រវាងទ្រង់ហើយនិងរដ្ឋាភិបាលប៉ុណ្ណោះ ហើយទ្រង់ Alwaleed បានបង្ហាញជំនឿជឿជាក់ថា អ្វីៗទាំងអស់ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ៕