(ព្យុងយ៉ាង)៖ ប្រតិភូកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក រី ជូថេ (Ri Ju Thae) ប្រធាននាយកដ្ឋាននៃក្រសួងបង្រួបបង្រួមជាតិ ចំណាយពេលជិតមួយសប្តាហ៍ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ពោលគឺចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
គណៈប្រតិភូដែលមានសមាជិក ១២នាក់ ខាងលើបានធ្វើការត្រួតពិនិត្យមើលទៅលើតំបន់មួយចំនួនៗ រួមមានដូចជារីសតជីស្គី Masikryong និងតំបន់ភ្នំ Kumgang ជាទីដែលព្រឹត្តិការណ៍ហាត់សមរួមគ្នា រវាងក្រុមកីឡាការ-កីឡាការិនីជិះស្គី មកពីប្រទេសទាំងពីរ ហើយនិងព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយផ្សេងទៀត គ្រោងនឹងប្រព្រឹត្តទៅនៅមុនកីឡាអូឡាំពិករដូវរងារលើកទី២៣។
គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មាន KCNA ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ដោយស្របទៅតាមកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងកិច្ចពិភាក្សាកម្រិតការងាររវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៧ ខែមករា ដែលភាគីទាំងពីរបានសម្រេចរួមគ្នា ផ្តល់ការហ្វឹកហាត់ដល់ក្រុមអ្នកជិះស្គី ហើយប្រារព្ធព្រឹត្តិការណ៍វប្បធម៌ នៅឯរីសតជិះស្គី Masikryong និងភ្នំ Kumgang ចាប់ពីអំឡុងចុងខែមករា ដល់ដើមខែកុម្ភៈក្រោយ៕