(តូក្យូ)៖ បន្ទាប់ពីមានការព្រួយបារម្ភពីប្រទេសរុស្ស៊ី រដ្ឋាភិបាលទីក្រុងតូក្យូ បានចេញមុខអះអាងថា ការតម្លើងប្រព័ន្ធខែលការពារមីស៊ីល Aegis ដែលផលិតឡើងដោយសហរដ្ឋអាមេរិក នៅលើទឹកដីនៃប្រទេសជប៉ុននោះ គឺធ្វើឡើងក្រោមចេតនាការពារខ្លួនសុទ្ធសាធ ហើយក៏ពុំមែនមានន័យថា ជប៉ុនកំពុងត្រៀមរៀបចំសកម្មភាពយោធាប្រភេទណាមួយនោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
អភិបាលរងខេត្ត Okinawa លោក Danny Tamaki បានលើកឡើងថា ជប៉ុន ពុំអាចនិយាយថា «ទេ» នោះឡើយ ចំពោះទីក្រុងវ៉ាស៊ីនតោន នៅពេលពាក់ព័ន្ធនឹងសមត្ថភាពផ្នែកយោធា របស់សហរដ្ឋអាមេរិក។ លោក Tamaki បានបន្ថែមទៀតថា «សព្វថ្ងៃនេះជប៉ុនមិនអាចនិយាយទៅកាន់អាមេរិកថា «អរគុណហើយ... ខ្ញុំនឹងប្រើប្រាស់ប្រព័ន្ធទាំងនេះដោយខ្លួនឯង។ ពួកយើងត្រូវតែស្នើសុំការជួយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយធ្វើឲ្យដំណើរការនូវប្រព័ន្ធដ៏ស្មុគស្មាញ ដែលពួកគេបានលក់មកឲ្យយើង។ ជប៉ុន ដែលបច្ចុប្បន្ន ពុំមានសមត្ថភាពបង្កើតអំណាចយោធាដោយខ្លួនឯងផ្ទាល់នោះ ត្រូវតែពឹងផ្អែកលើសហរដ្ឋអាមេរិក»។
គួរជម្រាបថា ការលើកឡើងរបស់លោក Tamaki ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយពី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែងពីក្តីព្រួយបារម្ភជាពន់ពេក អំពីគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយស្ថានីយបំពាក់ប្រព័ន្ធរ៉ាដា និងចាប់ស្ទាក់មីស៊ីល Aegis ប្រភេទនៅលើផ្ទៃដី ក្នុងដែនដីនៃប្រទេសជប៉ុន និងមានបង្ហាញមន្ទិលចំពោះសមត្ថភាពរបស់ទីក្រុងតូក្យូ ក្នុងការគ្រប់គ្រងប្រព័ន្ធសព្វាវុធការពារខ្លួនដ៏ទំនើបនេះដោយខ្លួនឯង៕