(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ទៅលើបុគ្គលចំនួន ២១រូប ព្រមទាំងអង្គភាពចំនួន ០៩ ដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ហើយនិងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ បុគ្គលទាំងជាប់ទណ្ឌកម្ម រួមមានក្រុមមន្រ្តីរដ្ឋាភិបាលរុស្ស៊ី និងក្រុមមន្រ្តីជាន់ខ្ពស់នៅក្នុងតំបន់ជម្លោះតំបន់ចង់ផ្តាច់ខ្លួន Donbass នៃភាគខាងកើតជាដើម។ ម៉្យាងវិញទៀត បណ្តាក្រុមហ៊ុនទាំងឡាយ ដែលមានពាក់ព័ន្ធក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅឯតំបន់គ្រីមា ក៏ស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មនេះផងដែរ។
គួរជម្រាបថា បើតាមក្រសួងរតនាគារជាតិអាមេរិក ទង្វើនេះបានកត់សម្គាល់ឲ្យឃើញ ពីការជំទាស់ និងមិនទទួលស្គាល់ដាច់ខាត របស់រដ្ឋាភិបាលអាមេរិក ចំពោះការដណ្តើមកាន់កាប់របស់ប្រទេសរុស្ស៊ី ទៅលើតំបន់ឧបទ្វីបគ្រីមា។ ដោយឡែកជាលទ្ធផលនៃការសម្រេចចិត្តនេះ ទ្រព្យសម្បត្តិនិងផលប្រយោជន៍នានា ដែលជាកម្មសិទ្ធិរបស់បុគ្គល និងក្រុមហ៊ុនដែលជាប់ទណ្ឌកម្ម នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវជាប់គាំង (បង្កក) ហើយប្រតិបត្តិការដោះដូរទាំងអស់ ដោយពលរដ្ឋអាមេរិក ទាក់ទិននឹងបុគ្គលទាំងនេះ ជាទូទៅនឹងត្រូវហាមឃាត់៕