(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើការស្នើសុំកញ្ចប់ថវិកាចំនួន ៧១៦ពាន់លានដុល្លារ សម្រាប់ ការចំណាយលើវិស័យយោធា នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០១៩ ដែលនឹងត្រូវបញ្ចេញនាខែក្រោយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
បើតាមសារព័ត៌មាន The Washington Post ដែលទទួលបានប្រភពព័ត៌មានពីមន្រ្តីរដ្ឋាភិបាលអាមេរិក តួលេខខាងលើនឹងតំណាងឲ្យឃើញពីការកើនឡើង ០៧ភាគរយ ពីលើកញ្ចប់ថវិកាឆ្នាំ២០១៨ ដែលមិនទាន់បានឆ្លងផុតសភាផងនោះ។ សំណើរបស់ លោក ដូណាល់ ត្រាំ នឹងគ្របដណ្តប់ទៅលើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ព្រមទាំងការចំណាយទៅលើការធ្វើសង្រ្គាម ដែលកំពុងប្រព្រឹត្តទៅនៅតាមតំបន់នានា ក៏ដូចជាការមើលថែទាំ-ជួសជុល ទៅលើសព្វាវុធនុយក្លេអ៊ែររបស់អាមេរិក។
គួរជម្រាបថា សំណើរបស់លោកប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បានលាតត្រដាងនូវផែនការយុទ្ធសាស្រ្តការពារជាតិ កាលពីសប្តាហ៍មុន ដែលនៅក្នុងនោះ លោកបានស្នើឲ្យជំរុញបង្កើនអំណាចយោធារបស់សហរដ្ឋអាមេរិក ឲ្យកាន់តែខ្លាំងលើសលប់ថែមទៀត៕