(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានអំពាវនាវនៅថ្ងៃសុក្រសប្តាហ៍នេះ ទៅកាន់បណ្តាប្រទេសអឺរ៉ុបដទៃទៀត ឲ្យរួមគ្នាបន្ថែមទណ្ឌកម្ម និងសម្ពាធទៅលើរដ្ឋាភិបាលទីក្រុងការ៉ាកាស់ ជាការឆ្លើយតបនឹងអំពើហិង្សា ក៏ដូចជាការរឹតត្បិតមិនឲ្យបក្សប្រឆាំង ចូលរួមការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ តី២៧ ខែមករា ឆ្នាំ២០១៨។
ជុំវិញសេចក្តីសម្រេចរបស់តុលាការ វេណេស៊ុយអេឡា ដែលរារាំងបក្សប្រឆាំងក្នុងប្រទេសអាមេរិកឡាទីនមួយនេះ មិនឲ្យចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងខែមេសា ខាងមុខ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានរិះគន់ធ្ងន់ៗថា «វាជាទង្វើផ្តាច់ការមួយដែលមិនអាចទទួលយកបាននោះឡើយ»។
លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «នៅក្នុងកម្រិតសហភាពអឺរ៉ុប យើងនឹងធ្វើការសម្របសម្រួលគ្នា ដើម្បីបង្កើនទណ្ឌកម្មដែលយើងចង់បាន។ ខ្ញុំគាំទ្ររឿងនេះ។ ខ្ញុំសង្ឃឹមថា ប្រទេសនានានៅអឺរ៉ុប នឹងចែករំលែកនូវតម្លៃរបស់ពួកគេ ដើម្បីជាកិច្ចការពារចំពោះសិទ្ធិមនុស្ស»។ ប្រទេសបារាំងបានសម្តែងការមិនចេញចិត្តជាខ្លាំង ចំពោះទង្វើរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា របស់ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ហើយបារាំងក៏ចង់ផ្ញើសាររបស់ខ្លួនបែបនេះ ទៅកាន់បណ្តាប្រទេសអាមេរិកឡាទីនផ្សេងៗទៀតដែរ៕