(ញូយ៉ក)៖ ចៅក្រមសហព័ន្ធអាមេរិកបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនអាចបណ្តេញជនជាតិខ្មែរចំនួន៩២នាក់ ភ្លាមៗចេញពីសហរដ្ឋអាមេរិក ដោយពុំផ្តល់ឱកាសដល់ពួកគេជាមុន ដើម្បីការតវ៉ាប្រឆាំងនឹងទង្វើនេះនៅក្នុងតុលាការសិនឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
គួរជម្រាបថា ក្រៅពីនេះចៅក្រមអាមេរិកបីរូបផ្សេងទៀត ក៏បានចេញសាលក្រមស្រដៀងគ្នាផងដែរ ដោយរារាំងរដ្ឋាភិបាលឲ្យធ្វើការបណ្តេញជនអន្តោប្រវេសន៍ ដែលបានរស់អស់រយៈពេលជាយូរនៅក្នុងប្រទេសដែលគេស្គាល់ថា ជា «ដែនដីនៃសេរីភាព» នេះផងដែរ ដោយជនអន្តោប្រវេសន៍ទាំងនោះរួមមានជនជាតិ អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និងសូម៉ាលី៕