(វ៉ាស៊ីនតោន)៖ សេតវិមានទើបតែបានសម្រេចទម្លាក់លុយជិត ២៤លានដុល្លារ ទៅក្រុមហ៊ុន Boeing ដើម្បីផ្គត់ផ្គង់ប្រព័ន្ធទូរទឹកកកថ្មីចំនួន ០២គ្រឿង សម្រាប់យន្តហោះធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក Air Force One។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
កាលពីខែធ្នូឆ្នាំទៅមិញនេះ ក្រសួងការពារជាតិអាមេរិក បានចេញសេចក្តីជូនដំណឹងមួយ ដែលពន្យល់បកស្រាយថា ក្រុមហ៊ុនផលិតយន្តហោះដ៏ធំប្រចាំអាមេរិក Boeing ត្រូវបានប្រគល់កុងត្រាតម្លៃជិត ២៤លានដុល្លារ សម្រាប់ការសេវាគាំទ្រផ្នែកវិស្វកម្មសម្រាប់ប្រព័ន្ធទូរទឹកកករបស់ VC-25A (ពាក្យយោធាសំដៅទៅលើ Air Force One) G12 និង G13 រួមមានការរចនាប្រព័ន្ធគំរូ, ការផលិត, ការដំឡើង, និងការធ្វើតេស្តជាដើម។
គួរជម្រាបថា បើតាមអ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិក បានលើកឡើងថា ប្រព័ន្ធទូរទឹកកកបច្ចុប្បន្នរបស់ Air Force One បាននិងកំពុងចុះខ្សោយដំណើរកាន់តែរហ័សទៅៗ ជាពិសេសនៅក្នុងបរិស្ថាន ដែលក្តៅហើយស្ងួត ដោយពួកវា ពុំមានលទ្ធភាពទ្រទ្រង់តម្រូវការនៃការស្តុកទុកចំណីអាហារ ដោយប្រសិទ្ធភាពឡើយ៕