(វេណេស៊ុយអេឡា)៖ តុលាការកំពូល របស់ប្រទេសវេណាស៊ុយអេឡា នៅថ្ងៃព្រហស្បត្តិ៍ បានសម្រេចមិនអនុញ្ញាតឲ្យបក្សប្រឆាំង ចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើងនាពេលខាងមុខនេះដែលនេះគឺជាការវែកផ្លូវឲ្យលោកប្រធានាធិបតី Nicolas Maduro នឹងឈ្នះការបោះឆ្នោតកាន់តំណែងមួយអាណត្តិបន្ថែមទៀត, នេះបើយោងតាម ភ្នាក់ងារសារព័តមានចិនស៊ិនហួរ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រទេសវេណាស៊ុយអេឡា ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែធ្នូកន្លងទៅ ប៉ុន្តែវាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខនេះ។ ការផ្លាស់ប្តូរកាលបរិច្ឆេទ នៃការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយសភាធម្មនុញ្ញ។
ក្រុមបក្សប្រឆាំងដែលមានឈ្មោះថា បក្ស «Democratic Union Roundtable» ឬអាចហៅថា «MUD» ត្រូវបានបដិសេធក្នុងការដាក់បេក្ខជនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើង កាលពីខែធ្នូកន្លងទៅ។
គួរជម្រាបថា ក្រុមបក្សប្រឆាំងបានបែកបាក់គ្នា ហើយមិនមានមេដឹកនាំច្បាស់លាស់នោះទេ។ មនុស្សជាច្រើនបានព្រមានថា រដ្ឋាភិបាល អាចនឹងរៀបចំការបោះឆ្នោតឡើង ដើម្បីទាញយកផលប្រយោជន៍ ខណៈបក្សប្រឆាំងកំពុងមានភាពទន់ខ្សោយ។
នៅក្នុងការចាប់ផ្តើមធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត នៅថ្ងៃពុធកន្លងទៅនេះ, លោកប្រធានាធិបតី Maduro បានលើកឡើងថា «យើងនឹងឈ្នះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី បាក់ទឹកបាក់ដីជាក់ជាមិនខាន»៕