(ស្វីស)៖ ខណៈកំពុងត្រៀមខ្លួនធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ថ្នាក់ដឹកនាំពិភពលោក និងថ្នាក់ដឹកនាំពាណិជ្ជកម្ម នៅក្នុងវេទិកាសេដ្ចកិច្ចពិភពលោកក្នុងប្រទេសស្វីស ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបដិសេធសេចក្តីរាយការណ៍ថា លោកចង់បណ្តេញលោក Robert S. Mueller ចេញពីដំណែង កាលពីរដូវក្តៅកន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារព័ត៌មាន Today News ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
លោក ត្រំា បានបញ្ជាក់ថា ព័ត៌មានដែលចោទប្រកាន់ថា លោកព្យាយាមបណ្តេញលោក Mueler ដែលជាប្រធានទីប្រឹក្សាពិសេស ទទួលបន្ទុកស៊ើបអង្កេតទៅលើករណីរុស្ស៊ីលូកដៃ ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ជាព័ត៌មានមិនពិត។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «វាជាសារព័ត៌មានមិនពិត តួយ៉ាងដូចជាសារព័ត៌មាន New York Times ជាដើម ដែលសរសេររឿងមិនពិត»។ ទាក់ទិននឹងបញ្ហានេះសមាជិកបក្ស ប្រជាធិបតេយ្យបានឆ្លើយតបភ្លាមថា ប្រសិនបើសេចក្តីរាយការណ៍នេះជារឿងពិតមែននោះមានន័យថា លោក ត្រាំ បានបំពាន «បន្ទាត់ក្រហម»។ រាល់ចេតនាទាំងអស់ដែលចង់ដកមន្ត្រីប្រឹក្សាពិសេស ឬមន្ត្រីសំខាន់ណាម្នាក់ ឬចង់លូកដៃក្នុងកិច្ចការស៊ើបអង្កេតណាមួយ ត្រូវបានចាត់ទុកថា ជាការបំពានអំណាចក្នុងនាមជាប្រធានាធិបតី៕