(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ បានបង្ហាញពីក្ដីសង្ឃឹមរបស់ខ្លួនថា កិច្ចសន្ទនាបច្ចុប្បន្នរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចនឹងប្រែក្លាយទៅជាកិច្ចសន្ទនា នយោបាយក្នុងពេលឆាប់ៗនេះ សំដៅដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់ចិន លោក គង់ ហ្ស័នយូ (Kong Xuanyou) ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលនយោបាយចំពោះមហាសមុទ្រអាក់ទិករបស់ចិន អនុរដ្ឋមន្ត្រីការបរទេសចិន លោក Kong Xuanyou បានសាទរចំពោះកិច្ចសន្ទនារវាង ប្រទេសកូរ៉េទាំងពីរ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះ។
លោក Kong បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា ភាពវិជ្ជមានទៅវិញទៅមករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងបន្តកើតមាន... ហើយបើទោះជាខ្ញុំទៅ ឬមិនទៅកូរ៉េខាងជើង ក៏ការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ព្រមទាំង គោលជំហរការពារសន្តិភាព និងស្ថេរភាពនៃតំបន់ឧទ្វីបកូរ៉េនៅតែដដែល មិនផ្លាស់ឡើយ»។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀង ស្ដីពីអនាគតតំបន់ឧបទ្វីបកូរ៉េ តាមរយៈការចាប់ផ្ដើមឡើងវិញ នូវកិច្ចចរចា ០៦ភាគី ដែលលោកយល់ថា ជាជម្រើសដ៏ល្អដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានអះអាងថា កិច្ចសន្ទនារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ទើបជាគន្លឹះដោះស្រាយវិបត្តិឧបទ្វីបកូរ៉េ៕