(ម៉ូស្គូ)៖ កូរ៉េខាងជើងបាន​ដឹកជញ្ជូនធ្យូងថ្ម​ តាមនាវាទៅកាន់​ប្រទេសរុស្ស៊ីកាលពី​ឆ្នាំ២០១៧ មុននឹងត្រូវដឹក​បញ្ជូនទៅឱ្យ​ប្រទេស​កូរ៉េខាងត្បូង និងជប៉ុន ហើយដែលនេះ​អាចជាការ រំលោភលើ​ដំណោះស្រាយដាក់​ទណ្ឌកម្ម នៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាម​ប្រភពពី ទីភ្នាក់ងារ​ស៊ើបការ​ណ៍​សម្ងាត់​អឺរ៉ុបខាងលិច ដែលត្រូវបានទម្លាយ និងដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ក្រុមប្រឹក្សា​សន្តិសុខ​យូអិន បានហាមឃាត់​លើការនាំចេញធ្យូងថ្ម​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ក្រោមក្របខណ្ឌ​នៃការអនុវត្ត​ការដាក់​ទណ្ឌកម្ម មានបំណង កាត់ផ្ដាច់ប្រភព​ប្រាក់ចំណូល​ពីបរទេស ដែលទីក្រុង​ព្យុងយ៉ាង ត្រូវការជា​ចាំបាច់ ដើម្បីផ្គត់ផ្គង់ដល់​ការអភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីល​ឆ្លងទ្វីប។
ទោះជា​យ៉ាងនេះក្ដី​ ទីភ្នាក់ងារសារព័ត៌មាន Reuters​ ផ្អែកលើប្រភពពី​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​អឺរ៉ុខាង​លិច បានឱ្យ​ដឹងថា របបដឹកនាំ​កុម្មុយនីស្ដក្រុង​ព្យុងយ៉ាង នៅតែអាចដឹក​ជញ្ជូនធ្យូងថ្ម រហូតដល់​ទៅបីដង ទៅកាន់កំពង់​ផែរុស្ស៊ី Nakhodka និង Kholmsk ជាទី​ដែលធ្យូ​ថ្មរាប់តោនត្រូវគេបាន​ទម្លាក់ចុះ និងលើកឡើង​ដាក់លើនាវា​វិញ​ ដើម្បីបញ្ជូនបន្តទៅកាន់ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា បើតាមប្រភព​ខាងលើដដែល​ នាវាដឹកធ្យូងថ្មកូរ៉េខាងជើង​បានទៅដល់​ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពី​ខែតុលា ឆ្នាំ២០១៧ រីឯមន្ត្រីសន្តិសុខ​អាមេរិកម្នាក់ ក៏បានទទួលស្គាល់​ដែរថា ពិតជាការធ្វើ​ពាណិជ្ជកម្មធ្យូង​ តាមរយៈប្រទេសរុស្ស៊ី​ប្រាកដមែន ហើយថា​វានៅតែបន្ត​កើតមាន៕

https://s1.reutersmedia.net/resources/r/?m=02&d=20180125&t=2&i=1225291844&r=LYNXMPEE0O1Q2&w=1280