(ហ្សាការតា)៖ ប្រធានាធិបតីទីម័រខាងកើត (Timor-Leste) លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរ៉ែស (Fransisco Guterres) បានសម្រេចចិត្តរំលាយសភាចោល នៅថ្ងៃសុក្រនេះ ដោយអំពាវនាវ ឱ្យមានការបោះឆ្នោតសភាថ្មីមួយ បន្ទាប់ពីមានការជាប់គាំងនយោបាយនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ការរំលាយសភាចោលនេះត្រូវបានធ្វើឡើង ក្រោយមានការទាត់ចោលជាបន្តបន្ទាប់នូវកម្មវិធី និងសំណើកញ្ចប់ថវិកាជាតិ នៃរដ្ឋាភិបាលរបស់ លោក Fransisco Guterres។ លោក Guterres ថ្លែងពីវិមានប្រធានាធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា នៅពេលនេះ មានតែប្រជាជនតែមួយគត់ ដែលអាចជួយដោះស្រាយវិបត្តិ ដែលយើងកំពុងប្រឈម... ហើយចេញពីចិត្តស្មោះរបស់ខ្ញុំ ខ្ញុំសូមអំពាវនាវឱ្យប្រជាជនបោះឆ្នោតជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតថ្មីមួយ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់យើង ឲ្យកាន់តែប្រសើរឡើង»។
គួរបញ្ជាក់ថា ផែនការកញ្ចប់ថវិការបស់រដ្ឋាភិបាល លោក Guterres ត្រូវបានសភាបដិសេធកាលពីខែធ្នូកន្លងទៅ បន្ទាប់ពីមានការបដិសេធម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧ ។ ប៉ុន្តែ ដើម្បីរៀបចំការបោះឆ្នោតថ្មី លោក Guterres នឹងត្រូវជួបពិភាក្សាជាមួយក្រុមអ្នកតំណាងគណបក្សនយោបាយ និងក្រុមប្រឹក្សារដ្ឋជាមុនសិន៕