(ញូដេលី)៖ មហាយក្សទីពីរនៅអាស៊ី គឺប្រទេសឥណ្ឌានាថ្ងៃសុក្រនេះបានបង្ហាញសាច់ដុំឲ្យពិភពលោកបានឃើញ ពីរិទ្ធិអំណាចផ្នែកយោធារបស់ខ្លួន ក្នុងអំឡុងការធ្វើព្យុហយាត្រាកងទ័ព នាឱកាសខួបទី ៦៩ នៃថ្ងៃបុណ្យសាធារណរដ្ឋ (Republic Day) នៅក្នុងរដ្ឋធានីញូដេលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដ៏ធំខាងលើ បានចាប់ផ្តើមឡើងនាវេលាព្រឹកថ្ងៃសុក្រនេះ នៅក្រោមការការពារសន្តិសុខដ៏តឹងរ៉ឹងបំផុត ពុំធ្លាប់មានពីមុនមកនោះឡើយ ដែលរួមមានការដាក់ពង្រាយ កងកម្លាំងការពារជិត ៦០,០០០នាក់ ព្រមទាំងកាំភ្លើងប្រឆាំងយន្តហោះ និងក្រុមបាញ់ស៊ីបជាច្រើននាក់ នៅតាមដំបូលអគារពាណិជ្ជកម្មខ្ពស់ៗ នៅតាមបណ្តោយដងវិថី ដែលព្យុហយាត្រាយោធា ប្រព្រឹត្តទៅ នៅចំពោះមុខការគំរាមកំហែងពីអំពើភេរវកម្ម ដែលកាន់តែកើនឡើងនោះ។
នាឱកាសនោះនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ព្រមទាំងបណ្តាមេដឹកនាំមកពីប្រជាជាតិអាស៊ានទាំង ១០ ក៏បានអញ្ជើញចូលរួមជាអធិបតីភាព ក៏ដូចជាទស្សនាពីវេទីកាបិទជិតដ៏ធំមួយ ដែលមានការការពារមិនឲ្យគ្រាប់កាំភ្លើងបាញ់ធ្លុះផងដែរ។ គួរជម្រាបថា ព្យុហយាត្រានេះបានបញ្ចប់ទៅ ជាមួយការសម្តែងដ៏អស្ចារ្យ នៅលើផ្ទៃអាកាស ដោយកងយន្តហោះចម្បាំង នៃកងទ័ពជើងអាកាសឥណ្ឌាផងដែរ៕