(សេអ៊ូល)៖ សាធារណរដ្ឋដូមីនីក បានច្រានចោលការដាក់មន្ទិលសង្ស័យ ដែលថានាវាដឹកប្រេងមួយគ្រឿងរបស់ខ្លួន បានលួចផ្ទេរប្រេងទៅឲ្យនាវាដឹកប្រេងមួយគ្រឿងទៀត ដែលជារបស់កូរ៉េខាងជើង នៅដែនសមុទ្រចិនខាងកើត បំពានទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
នៅមុនមានការចេញមុខអះអាងពីភាពស្អាតស្អំនេះ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាយន្តហោះល្បាតនៃកងការពារដែនសមុទ្ររបស់ខ្លួន បានថតយករូបភាពជាច្រើនសន្លឹក ពីសកម្មភាពផ្ទេរទំនិញដោយខុសច្បាប់ គឺការផ្ទេរប្រេងពីនាវាដឹកប្រេង Yuk Tung មានទង់ជាតិរបស់ដូមីនីក ទៅឲ្យនាវាដឹកប្រេង Rye Song Gang របស់កូរ៉េខាងជើង នៅក្នុងដែនសមុទ្រក្បែរទីក្រុងសៀងហៃ ប្រទេសចិន។ ភ្លាមៗទីក្រុងតូក្យូ ក៏បានរៀបចំរបាយការណ៍ពាក់ព័ន្ធ ផ្ញើជូនទៅកាន់អង្គការសហប្រជាជាតិផងដែរ។
ឆ្លើយតបចំពោះរឿងនេះ ក្រសួងការបរទេសដូមីនីកបានចេញមុខបញ្ជាក់ថា ពុំមាននាវារបស់ខ្លួនមួយគ្រឿងណា ដែលបានធ្វើការទាក់ទងជាមួយនាវាដឹកប្រេងរបស់កូរ៉េខាងជើង នៅលើសមុទ្រចិនខាងកើត ដើម្បីធ្វើសកម្មភាព ដែលត្រូវបានហាមប្រាមដោយអង្គការសហប្រជាជាតិ នោះឡើយ។ ម៉្យាងវិញទៀត ក្រសួងដដែលនេះបានបញ្ជាក់ថា សាធារណរដ្ឋដូមីនីក ពុំមាននាវាដឹកប្រេង ដែលដោតទង់ជាតិខ្លួនឯងឡើយ។ ដោយឡែក ម្ចាស់ពិតប្រាកដនៃនាវាដឹកប្រេង ដោតទង់ជាតិដូមីនីកកំពុងជាប់សង្ស័យនេះ ត្រូវគេរាយការណ៍ថា តាមពិតគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Yuk Tung Energy Pte នៃប្រទេសសិង្ហបុរីទៅវិញទេ។
គួរជម្រាបថា សេចក្តីសម្រេចលេខ ២៣៧៥ របស់យូអិន ដែលត្រូវបានអនុម័តកាលពីខែកញ្ញាឆ្នាំទៅ បានដាក់បម្រាមទៅលើបណ្តាប្រទេសជាសមាជិក អំពីការផ្ទេរទំនិញគ្រប់ប្រភេទក្នុងលក្ខណៈពីនាវាទៅនាវា សម្រាប់ប្រទេសកូរ៉េខាងជើង ហើយសេចក្តីសម្រេចលេខ ២៣៩៧ ដែលត្រូវបានអនុម័តកាលពីខែធ្នូ ឆ្នាំ២០១៧ អនុញ្ញាតឲ្យប្រទេសណាមួយ អាចឃាត់និងស៊ើបអង្កេត ទៅលើនាវា ឬកប៉ាល់ទាំងឡាយណា ដែលជាប់សង្ស័យថា បានប្រព្រឹត្តសកម្មភាព ដែលត្រូវបានហាមឃាត់៕