(វ៉ាស៊ីនតោន)៖ ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចបន្តពី លោក បារ៉ាក់ អូបាម៉ា កម្រិតយល់ស្របពីអន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់កម្រិតដ៏ទាប គឺត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។ នេះបើតាមការស្ទង់មតិថ្មីមួយដោយ ស្ថាប័នដ៏ល្បី Gallup ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តំបន់មួយចំនួនបែរជាគាំទ្រភាពដឹកនាំរបស់ចិន ជាជាងសហរដ្ឋអាមេរិកទៅវិញ បើតាមការស្ទង់មតិខាងលើ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ តួយ៉ាងប្រជាជននៃតំបន់អាមេរិកឡាទីន ប្រមាណ ២៨ភាគរយ ត្រូវបានគេរកឃើញថា មានការគាំទ្រខ្លាំង ចំពោះភាពដឹកនាំរបស់ប្រទេសចិន ខណៈមានតែ ២៤ភាគរយប៉ុណ្ណោះ ដែលពួកគេយល់ស្រប ចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិក។
បើតាមការស្ទង់មតិដដែល នៅក្នុងតំបន់អាស៊ី មនុស្សរាល់គ្នាភាគច្រើនមើលឃើញរដ្ឋាភិបាលចិន មានលក្ខណៈល្អជាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិទ្រង់ទ្រាយធំនេះ មានតែតំបន់អាហ្រ្វិកប៉ុណ្ណោះ ដែលគេសង្កេតឃើញថា នៅតែមានភាពស្មោះត្រង់ ចំពោះសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះក្រុមអ្នកជំនាញ បានឆ្លៀតឱកាសចែករំលែកទស្សនៈរបស់ពួកគេថា តើការសម្រេចចិត្តលើគោលនយាបាយបរទេសណាខ្លះៗរបស់ លោក ដូណាល់ ត្រាំ ដែលបានបង្កឲ្យមានការធ្លាក់ចុះ នៃកម្រិតប្រជាប្រិយភាពរបស់សហរដ្ឋអាមេរិកបែបនេះ ជាពិសេសនៅតាមបណ្តាប្រទេសមួយចំនួន នៅអឺរ៉ុបខាងលិច។
មូលហេតុមួយក្នុងចំណោមនោះគឺថា ក្នុងនាមជាប្រធានាធិបតី នៃប្រទេសមហាអំណាចមួយរបស់ពិភពលោក លោក ត្រាំ ប្រើប្រាស់យុទ្ធសាស្រ្តនយោបាយ ដែលត្រូវគេចាត់ទុកថា ជាវិធីសាស្រ្តរើសអើងពូជសាសន៍ និងជាតិនិយម។ កត្តាផ្សេងទៀត រួមមានភាពបរាជ័យក្នុង លោក ត្រាំ ក្នុងការបង្ហាញពីការប្រកាន់ខ្ជាប់របស់លោក ចំពោះទំនួលខុសត្រូវទៅលើកិច្ចព្រមព្រៀងអន្តរជាតិ, គោលការណ៍តម្កល់ផលប្រយោជន៍ជាតិអាមេរិកជាធំ ដោយមិនខ្វល់ពីសារៈសំខាន់អន្តរជាតិ, ការសម្រេចចិត្តជាឯកតោភាគី ទៅលើទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងចម្រាស, ការចង់បំផ្លាញកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីកម្មវិធីនុយក្លេអ៊ែរ ដែលសម្រេចដោយអ៊ីរ៉ង់និងមហាអំណាចពិភពលោកមួយចំនួនទៀតជាដើម។
គួរជម្រាបថា មិនតែនៅក្រៅប្រទេសប៉ុណ្ណោះទេ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិករូបនេះ ក៏មានការធ្លាក់ចុះផងដែរនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ដោយភាគច្រើនពលរដ្ឋអាមេរិក បានបង្ហាញការមិនយល់ស្របនោះឡើយ ចំពោះរបៀបដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងទៅនេះ៕