(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងជាថ្មីឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូង ហើយថា កងទ័ពអាមេរិកនឹងបើកការវាយប្រហារទាំងយប់ បើសិនជាសម្ព័ន្ធមិត្តអាស៊ីមួយនេះ រងការវាយប្រហារណាមួយភ្លាមៗនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
លោក James Mattis ថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរចេញពីប្រទេសវៀតណាម ឆ្ពោះទៅកាន់រដ្ឋហាវ៉ៃកាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះដែរ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការការពារកូរ៉េខាងត្បូង គឺជាសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក... ដូច្នេះយើងអាចនឹងបើកការវាយប្រហារទាំងយប់ បើកូរ៉េខាងត្បូង រងការវាយប្រហារណាមួយពីកូរ៉េខាងជើង ហើយត្រូវចាំថា រាល់ការប៉ុនប៉ងវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយ អ្នកបង្កនោះនឹងត្រូវទទួលការវាយបកទៅវិញយ៉ាងធ្ងន់ធ្ងរជាទីបំផុត»។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក នៅថ្ងៃសុក្រនេះ លោក James Mattis នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យ៉ាងមូ (Song Young-moo) នៅរដ្ឋហាវ៉ៃ។ ទោះបីជាកូរ៉េខាងជើងហាក់បន្ទន់ឥរិយាបទ រួចអង្គុយចុះពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការបញ្ជូនក្រុមប្រតិភូកីឡារបស់ខ្លួន មកប្រកួតអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូងក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមិនអាចធ្វេសប្រហែសចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនោះបានដែរ៕
https://cdn.vox-cdn.com/thumbor/fZgC3w-UeQXQujhDJmDeoqOpZIQ=/0x0:3528x2344/1200x800/filters:focal(2195x403:2759x967)/cdn.vox-cdn.com/uploads/chorus_image/image/57694675/848823180.jpg.0.jpg