(ប៉េកាំង)៖ អ្នកនាំពាក្យយោធាចិនបានបង្ហើបឲ្យដឹងថា កងកម្លាំងជំនាញប្រើប្រាស់គ្រាប់រ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន PLA ទើបតែបានបញ្ចប់ការបង្កើនសមត្ថភាព ទៅលើប្រព័ន្ធមីស៊ីលផ្លោងរបស់ខ្លួន ខណៈដែលបញ្ហាក្នុងតំបន់អាស៊ីខាងកើត នៅតែជាការប្រឈមមុខដ៏ធំសម្រាប់មហាអំណាចលេខ ១ នៅអាស៊ីនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំនាញវិស័យយោធាម្នាក់របស់ចិន បានប្រាប់សារព័ត៌មាន Global Times ថា សមត្ថភាពស៊ូទ្រាំ និងចល័តនៃប្រព័ន្ធមីស៊ីលវាយប្រហារជាយុទ្ធសាស្រ្ត នៃកងរ៉ុក្កែតរបស់យោធាចិន ទើបតែត្រូវបានធ្វើឲ្យប្រសើរឡើងបន្ថែមទៀត។ នាថ្ងៃដដែល អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន លោក Ren Guoqiang បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «កងមីស៊ីល គឺជាផ្នែកចម្បងនៃយុទ្ធសាស្រ្តការពារខ្លួនរបស់ចិន និងជាសសរស្តម្ភ ដើម្បីទ្រទ្រង់ចិនក្នុងនាមជា ប្រទេសមហាអំណាចមួយ ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីថែរក្សាការពារសន្តិសុខជាតិផងដែរ»។
លោក Ren បានបន្តថា «វាគឺជារឿងធម្មតា និងជាភាពចាំបាច់ ដែលកងមីស៊ីលរបស់យើង ធ្វើការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាព ទៅលើគ្រឿងសព្វាវុធរបស់ខ្លួន ហើយវាក៏ជាទម្លាប់ក៏ដូចជាការអនុវត្តជាទូទៅផងដែរ សម្រាប់ប្រទេសដទៃៗទៀត ក្នុងការធ្វើទំនើបកម្មទៅលើវិស័យយោធារបស់ពួកគេ»។
គួរជម្រាបថា យ៉ាងណាមិញអ្នកនាំពាក្យរូបនេះ ពុំបានបញ្ជាក់នោះឡើយថា តើមីស៊ីលប្រភេទណាខ្លះ ត្រូវបានបង្កើនសមត្ថភាព ឬក៏ថា តើមីស៊ីលដែលកាលពីមុន ស្ថិតក្រោមដំណាក់កាលអភិវឌ្ឍន៍នៅឡើយនោះ នាពេលនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដែរ ឬយ៉ាងណា៕