(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំទីក្រុងការ៉ាកាស់ លោក ចេស៊ូស ស៊ីលវ៉ា ហ្វែណាន់ដែស (Jesús Silva Fernández) ចេញពីប្រទេសដោយចោទលោក ថា បានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ជុំវិញការសម្រេចចិត្តនេះ រដ្ឋាភិបាលអេស្ប៉ាញបានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយ និងអះអាងថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបវិញ។ យ៉ាងណាក៏ដោយ ការប្រកាស បណ្ដេញអគ្គរដ្ឋទូតអេស្ប៉ាញ លោក Jesús Silva Fernández កើតមានឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មថ្មីហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ មន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡា សរុប ០៧នាក់។ ចំណែកឯ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ត្រង់ៗតែម្ដងថា អេស្ប៉ាញជាអ្នកជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មនេះ ក៏ដូចជារួមគំនិតចង់ទម្លាក់រូបលោកពីតំណែង។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស នៅវេណេស៊ុយអេឡា នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានបណ្ដាលឱ្យមនុស្ស ១២០នាក់ បាត់បង់ជីវិតកាលពីឆ្នាំ២០១៧។ ដោយឡែកកាលពីខែធ្នូ កន្លងទៅ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ក៏បានបណ្ដេញអគ្គរដ្ឋទូតកាណាដា និងប្រេស៊ីលផងដែរ ដោយចោទថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយជាការសងសឹកប្រេស៊ីល និងកាណាដា បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតវេណេស៊ុយអេឡាវិញដែរ៕