(សេអ៊ូល)៖ មនុស្សចំនួន ៣១នាក់ បានបាត់បង់ជីវិត និងប្រមាណជាង ៥០នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅឯទីក្រុង Milyang ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក ថ្ងៃសុក្រនេះ (ពេលវេលានៅកូរ៉េខាងត្បូង) នៅឯមន្ទីរពេទ្យ Sejong ក្នុងក្រុង Milyang នៃខេត្ត Gyeongsang ខាងត្បូង ដោយអណ្តាតភ្លើងបានរាលដាល ចេញពីបន្ទប់សង្រ្គោះបន្ទាន់មួយ ដែលស្ថិតនៅជាន់ទីមួយ នៃមន្ទីរពេទ្យកើតហេតុ។
គួរជម្រាបថា ជាលទ្ធផលមនុស្សយ៉ាងតិច ៣១នាក់បានស្លាប់ និងប្រហែលជាង ៥០នាក់ទៀត បានទទួលរងរបួស ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ។ អ្នកជំងឺសរុបប្រមាណ ១០០នាក់ ត្រូវគេរាយការណ៍ថា បានស្ថិតនៅក្នុងមន្ទីរពេទ្យនេះ នៅមុនពេលដែលគ្រោះអគ្គីភ័យបានកើតមានឡើង៕