(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសស្វីសហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ជាទីដែលលោកត្រូវបានគេរំពឹងថានឹងដាក់សម្ពាធលើអ្នកសកលភាវូបនីយកម្មនិយម តាមរយៈគោលនយោបាយតម្កល់អាមេរិកមុនគេ ឬ «America First» របស់លោក៕
២៖ កម្រិតសីតុណ្ហភាពលើផ្ទៃពិភពលោក កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ មានការស្ទុះឡើងជាខ្លាំង ដែលប្រការនេះធ្វើកម្រិតកម្តៅសរុបនៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ១៩០០មក កើនឡើងជាង ២៥ភាគរយ ក្នុងរយៈពេលត្រឹម០៣ឆ្នាំប៉ុណ្ណោះ៕
៣៖ អង្គការវិទ្យាសាស្រ្តនៃប្រទេសអូស្រ្តាលី បានសហការជាមួយក្រុមហ៊ុនមួយ ស្ថិតក្នុងទីក្រុងសាន់ហ្រ្វាន់ស្កូ នៃសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់វិធានការក៏ដូចជាការពិនិត្យ តាមដានរបស់ខ្លួន ទៅលើស្ថានភាពដែនសមុទ្ររបស់អូស្រ្តាលី៕
៤៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Michigan State University លោកស្រី លូ អាន់ណា ស៊ីម៉ុន (Lou Anna Simon) បានសម្រេចចិត្តលាលែងចេញពីមុខតំណែងហើយ កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រោយមានការរិះគន់ជាបន្តបន្ទាប់ ជុំវិញការដោះស្រាយរបស់សាកលវិទ្យាល័យមួយនេះ ពាក់ព័ន្ធនឹងចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទប្រឆាំងនឹងអតីតគ្រូពេទ្យកីឡាម្នា្នក់៕
៥៖ មនុស្សយ៉ាងហោចណាស់ ០២នាក់ស្លាប់ និង១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមស្ថានភាពរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដែលពួកគេជិះបានរអិល ធ្លាក់ផ្លូវនៅក្បែរទីក្រុង Milan ប្រទេសអ៊ីតាលី៕
៦៖ ប្រជាជនក្នុងទីក្រុងប៉ារីស ត្រូវបានណែនាំឱ្យស្ថិតនៅឆ្ងាយពីទន្លេសែន ដោយកម្ពស់ទឹកបន្តកើនឡើង រីឯផ្លូវជាច្រើនត្រូវជន់លិច ហើយការធ្វើចរាចរណ៍ត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន៕
៧៖ ក្រុមកីឡាការិនីវាយកូនបាល់លើទឹកកក ឬ ice hockey របស់កូរ៉េខាងជើងបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមការហាត់សមរួមគ្នា ជាមួយក្រុមកីឡាការិនីវាយកូលបាល់លើទឹកកកកូរ៉េខាងត្បូង៕