(អង់ការ៉ា)៖ ក្រុមរៀបចំផែនការយោធានៃក្រសួងការពារជាតិ បានធ្វើការសំរេចចិត្តជាយូរមកហើយថា មិនទុកចិត្តលើរបបដឹកនាំរបស់ប្រធានាធិបតីតួកគី រីសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) ដែលជាអ្នកជួយផ្តត់ផ្គង់ផ្នែកហិរញ្ញវត្ថុនិងសព្វាវុធ ព្រមទាំងការហ្វឹកហាត់ក្រុមជីហាដ់ជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។
បន្ទាប់ពីបានសាកល្បងហើយម្តងទៀតទៅលើលោក អឺដូហ្គាន់ ចាប់តាំងពីឆ្នាំ២០១១មក សហរដ្ឋអាមេ ក៏ចាប់ផ្តើមដឹងថាមេដឹកនាំរូបនេះ មិនមែនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានទេ ទោះបីជាមានការសន្យាធ្វើឡើងដោយលោក អឺដូហ្គាន់ និងអ្នកតំណាងរបស់លោកនៅតុចរចាក៏ដោយ។
ជាលទ្ធផលមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ត្រូវបានបង្ខំឱ្យងាកទៅរកកងកម្លាំងប្រដាប់អាវុធដ៏ល្អបំផុតវិញ គឺក្រុមឃើដដែលមានសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ (PKK)។ វាជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រមួយនៃមន្ទីរបញ្ចកោណ ជាជាងការជ្រើសរើសជាយុទ្ធសាស្ត្រ ខណៈដែលក្រុមមេបញ្ជាការទ័ពអាមេរិក បានដឹងច្បាស់ថា តម្លៃរបស់តួកគី ដែលមានកម្លាំងទ័ពធំបំផុតលំដាប់ទីពីរ នៅក្នុងអង្គការណាតូ (NATO) មានសារៈសំខាន់ខ្លាំងជាង អត្ថប្រយោជន៍ដែលពួកខ្លួនទទួលបាន ពីកងជីវពលឃើដដែលពួកគេផ្គត់ផ្គង់អាវុធឱ្យ។
ក្រុមមេបញ្ជាការយោធាអាមេរិក បានគិតថាចំណងទាក់ទងដ៏រឹងមាំរវាងអាមេរិកនិងតួកីគី នៅកម្រិតយោធានឹងបន្សាបទៅលើសំឡេងរំខានផ្សេងៗពីថ្នាក់ដឹកនាំផ្នែកនយោបាយរបស់តួកគេ។ នៅពេលប្រទេសស៊ីរី មានស្ថិរភាពឡើងវិញ ហើយការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធជ្រុលនិយម ត្រូវកម្ចាត់ចោលនោះ ផែនការរបស់មន្ទីរបញ្ចកោណគឺត្រូវងាកត្រឡប់ទៅធ្វើការទាក់ទងដូចធម្មតាវិញជាមួយប្រទេសតួកគី។
អ្វីដែលមន្ទីរបញ្ចកោណ បានមើលរំលងនោះគឺ ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានរៀបចំឡើងដោយលោក អឺដូហ្គាន់ ខ្លួនឯងផ្ទាល់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលធ្វើឱ្យឥទ្ធិពលកម្លាំងយោធានៅក្នុងប្រទេស ចុះខ្សោយនិងផ្លាស់ប្តូរវាទៅជាឧបករណ៍នយោបាយ ដើម្បីសម្រេចបាននូវគោលដៅអ៊ីស្លាមនិយមរបស់លោកនៅក្នុងតំបន់។
ពួកមន្ដ្រីគាំទ្រប្រទេសលោកខាងលិច ដែលបានបម្រើការនៅអង្គការណាតូ ភាគច្រើន ត្រូវបានគេបណ្តេញចេញពីមុខតំណែង ឬក៏ត្រូវចាប់ដាក់គុកពីបទចោទប្រកាន់មិនភាពពិតប្រាកដ ហើយពួកគេទាំងអស់នោះ ត្រូវជំនួសមកវិញដោយមន្ដ្រីអ្នកស្នេហាជាតិបែបថ្មី ព្រមទាំងមន្រ្តីអ៊ីស្លាមនិយម ដែលមានទំនោរប្រឆាំងនិងលោកខាងលិច។
ភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ដែលលោក អឺដូហ្គាន់ បានចាត់ទុកថាជាពរជ័យរបស់ព្រះជាម្ចាស់ លោកប្រធានាធិបតីតួកគីរូបនេះ បានបង្ខិតបង្ខំកម្លាំងយោធា ឲ្យចូលពាក់ព័ន្ធក្នុងការលុកលុយនៃទីក្រុង Jarablus របស់ប្រទេសស៊ីរី ដោយគ្រប់គ្រងកាន់កាប់បានតំបន់មួយ លាតសន្ធឹងប្រហែល២,០០០គីឡូម៉ែត្រការ៉េ។
កងជីវពលដែលទទួលបានការបណ្ដុះបណ្ដាលដោយតួកគី ត្រូវបានគេដាក់ពង្រាយដើម្បីការពារសន្តិសុខ នៅក្នុងតំបន់ដែលគាំទ្រដោយយោធារបស់តួកគី។ បច្ចុប្បន្ននេះ លោក អឺដូហ្គាន់ កំពុងធ្វើដូចគ្នាជាមួយទីក្រុង Afrin ជាទីដែលពួកឧទ្ទាម គាំទ្រដោយតួកគីកំពុងប្រយុទ្ធដើម្បីដណ្ដើមយកក្រុងនេះ នៅក្រោមរូបភាពនៃការប្រហារទាំងតាមផ្លូវគោកនិងផ្លូវអាកាស ពីកងប្រដាប់អាវុធតួកគី។
វាច្បាស់ណាស់ថា លោក អឺដូហ្គាន់ ពិតជាបានចុះកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដែលអនុញ្ញាត ឱ្យកងទ័ពអាកាសតួកគី ប្រើប្រាស់ដែនអាកាសស៊ីរីយ៉ាងសេរី ដោយមិនបង្កឱ្យមានការបាញ់តបតពីប្រព័ន្ធការពារដែនអាកាស ដែលត្រូវបានដាក់ពង្រាយដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងដាម៉ាស។
អាមេរិកមិនចូលចិត្តអ្វី ដែលលោក អឺដូហ្គាន់ បាននិងកំពុងធ្វើនោះឡើយ ប៉ុន្តែបានសំរេចចិត្តយល់ព្រម ចំពោះប្រតិបត្ដិការយោធាទ្រង់ទ្រាយធំនេះ តែត្រូវមានដែនកំណត់ ដែលប្រការនេះប្រហែល ដើម្បីសម្រាលការត្អូញត្អែរនិងរង្គាសចិត្តខ្លះៗ របស់ទីក្រុងអង់ការ៉ា។
ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានដឹងថាច្បាស់ថា លោក អឺដូហ្គាន់មិនអាចធ្វើអ្វីបានច្រើន ដើម្បីផ្លាស់ប្តូរល្បែងមួយនេះបានឡើយ ហើយនៅទីបំផុតនោះនឹងត្រូវប្រគល់ តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់តួកគី ទៅឲ្យរដ្ឋាភិបាលស៊ីរីវិញ។ លោក
ប្រធានាធិបតីតួកគី ក៏ចង់បង្ហាញផងដែរថា លោកគឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ឬជាបុរសម្នាក់ដែលអាចប្រកាន់យកនូវកគោលនយោបាយដ៏កម្លោចផែនដី នៅក្នុងប្រទេសស៊ីរីបាន នៅពេលដែលរូបលោកបានដាក់ការតាំងចិត្តក៏ដូចជាប្តេជ្ញាហើយនោះ។
តាមរយៈការធ្វើដូច្នេះ លោក អឺដូហ្គាន់ បានយល់ឃើញថា រូបលោកនឹងអាចបង្កើនអំណាចចរចារបស់ខ្លួន នៅពេលដែលការស្វែងរកដំណោះស្រាយផ្នែកនយោបាយ រៀបនឹងលេចឡើង ហើយនឹងត្រូវធ្លាក់ទៅលើលើតុចរចានាពេលឆាប់ៗ។
គួរជម្រាបថា ជាលទ្ធផល ប្រតិបត្តិការប្រហារយោធារបស់តួកគីនៅក្នុងទីក្រុង Afrin របស់ស៊ីរីគឺហាក់បីដូចជា សមរភូមិផ្ទាល់ខ្លួនសម្រាប់លោក អឺដូហ្គាន់ ជាជាងដើម្បីការការពារផលប្រយោជន៍ជាតិ របស់ប្រទេសតួកគីទាំងមូល។ ប្រសិនបើលោកពិតជាយកចិត្តទុកដាក់លើសាមគ្គីភាពនៃប្រជាជាតិតួកគី ម្ល៉េះលោក អឺដូហ្គាន់ នឹងដោះស្រាយបញ្ហារបស់ជនជាតិឃើដនៅក្នុងប្រទេសរបស់ខ្លួន ជាជាងធ្វើការគៀបសង្កត់ និងរារាំងជនជាតិឃើដ៕