(ស្វីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសស្វីសហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើអ្នកសកលភាវូបនីយកម្មនិយម តាមរយៈគោលនយោបាយតម្កល់អាមេរិកមុនគេ ឬ «America First» របស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុង Zurich ប្រទេសស្វីស តាមយន្ដហោះ Air Force One នៅម៉ោងប្រមាណ ៨៖៤៥នាទី (ម៉ោងនៅក្នុងតំបន់) ហើយលោកនឹងត្រូវថ្លែងសារ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅម៉ោង ២៖០០នាទីរសៀលថ្ងៃសុក្រស្អែកនេះ។ ប៉ុន្តែមុននឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ ប្រធានាធិបតីអាមេរិករូបនេះបានថ្លែងនៅលើ Twitter ដែលមានអ្នកតាមមើលជាង ៤៧លាននាក់ ថាលោកនឹងប្រាប់ពិភពលោកពីអ្វី ដែលសហរដ្ឋអាមេរិកបានធ្វើ និងកំពុងធ្វើ ស្របពេលគេរំពឹងថា លោកនឹងលើកឡើងពីឱនភាពពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ រវាងសហរដ្ឋអាមេរិកជាមួយប្រទេសជាដៃគូ។
យ៉ាងណាក៏ដោយ ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់សេតវិមាន លោក Gary Cohn បានបញ្ជាក់ថា «America First» មិនមែនដើរទៅតែអាមេរិកម្នាក់ឯងនោះទេ។ «នៅពេលយើងរីកចំរើន ពិភពលោករីកចំរើន ហើយនៅពេលពិភពលោករីកចំរើន យើងក៏រីកចំរើនដែរ។ យើងជា ផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោក រីឯលោកប្រធានាធិបតីក៏គិតដូច្នេះដែរ»។ នេះបើតាម លោក Gary Cohn។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសពីការតម្លើងពន្ធនាំចូលផលិតផលម៉ាស៊ីនបោកគក់ និងផ្ទាំងសូឡា ក្រោមក្របខណ្ឌនៃគោលនយោបាយ «America First»។ ការសម្រេចចិត្តនេះអាចនឹងឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កូរ៉េខាងត្បូង និងចិនដែលសុទ្ធសឹងតែជាអ្នកនាំចេញផលិតផលទំាងពីរនេះ ហើយវាក៏អាចសារព្រមាន ដល់ប្រទេសដទៃទៀតផងដែរ៕