BREAKING NEWS: រថភ្លើងរអិលធ្លាក់ផ្លូវនៅអ៊ីតាលី «ឆក់យកជីវិតមនុស្ស ០២នាក់ និងរបួសធ្ងន់-ស្រាលជាង ១០០នាក់»
25-01-2018 15:54
(អ៊ីតាលី)៖ មនុស្សយ៉ាងហោចណាស់ ០២នាក់ស្លាប់ និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមស្ថានភាពរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដែលពួកគេជិះ បានរអិលធ្លាក់ផ្លូវនៅក្បែរទីក្រុង Milan ប្រទេសអ៊ីតាលី។ នេះបើតាមប្រភពពីក្រុមហ៊ុន Trenord railway company ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
យោងតាម ក្រុមហ៊ុន Trenord railway company រថភ្លើងខាងលើមានគោលដៅធ្វើដំណើរពីទីក្រុង Cremona ទៅកាន់ទីក្រុង Milan បានរអិលធ្លាក់ផ្លូវនៅតំបន់ស្ថិតនៅចន្លោះ ទីក្រុង Milan និងទីក្រុង Venice នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងរ៉ូម)។
គួរបញ្ជាក់ថា ភ្លាមៗពុំទាន់មានការបញ្ជាក់ពីមូលហេតុ នៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈអាជ្ញាធរអ៊ីតាលីបានផ្អាកសេវាកម្ម ផ្លូវដែកជាបណ្ដោះអាសន្ន។ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកដំណើរ ១០០នាក់ ក៏បានរងរបួសស្រាលផងដែរ៕