(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ខាវ៉ាចា មូហាំម៉ាដ អាស៊ីហ្វ (Khawaja Muhammad Asif) បាននិយាយថា ប៉ាគីស្ថានមានបំណងពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ជាពិសេសគឺក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ព្រមទាំងចង់ឃើញផងដែរការវិយោគរបស់រុស្ស៊ី កាន់តែច្រើននៅក្នុងវិស័យថាមពល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក Muhammad Asif ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃពុធ និងនៅចំពេលដែលទីក្រុងអ៊ីស្លាម៉ាបាដ កំពុងមានភាពតាងតឹង ជាមួយសហរដ្ឋអាមេរិក ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រកាសផ្ដាច់ជំនួយយោធាដល់ប៉ាគីស្ថាន។
រដ្ឋមន្ត្រីការបទេសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «កិច្ចសហប្រតិបត្តិការយោធា របស់យើងជាមួយរុស្ស៊ីមានភាពកាន់តែល្អប្រសើរឡើង ក្នុងរយៈពេល ០៤ឆ្នាំ ចុងក្រោយនេះ ហើយក្នុងនាមជាអតីតរដ្ឋមន្ត្រីការពារជាតិ ខ្ញុំយល់ច្បាស់ពីរឿងនេះ។ ប៉ុន្តែវានៅ មានចន្លោះ ប្រហោងមួយចំនួនត្រូវបំពេញបន្ថែម ខណៈយើងកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងម៉ូស្គូ ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ក៏ដូចជា ទាក់ទាញការវិនិយោគពីរុស្ស៊ី កាន់ច្រើននៅក្នុងវិស័យថាមពល ប្រេង ឧស្ម័ន និងអគ្គិសនីជាដើម»។
គួរបញ្ជាក់ថា បើតាមលោក Khawaja Muhammad Asif រុស្ស៊ី និងប៉ាគីស្ថានមានផលប្រយោជន៍រួមគ្នា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ឧក្រិដ្ឋជនគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការផ្សះផ្សាជម្លោះនៅអាហ្វហ្គានីស្ថាន។ ជាងនេះទៅទៀត លោកក៏បានអះអាងដែរថា ប៉ាគីស្ថាន មានគំរោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី នៅឆ្នាំ២០១៨នេះ៕