(សេអ៊ូល)៖ ក្រុមកីឡាការិនីវាយកូនបាល់លើទឹកកក ឬ ice hockey របស់កូរ៉េខាងជើង បានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បី ចូលរួមការហាត់សមរួមគ្នា ជាមួយក្រុមកីឡាការិនីវាយកូលបាល់លើទឹកកកកូរ៉េខាងត្បូង។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក្រុម hockey កូរ៉េខាងជើង មានសមាជិក ១២នាក់, កិឡាការិនីបម្រុងពីរនាក់ និងគ្រូបង្វឹកម្នាក់ បានឆ្លងកាត់ព្រំដែនធ្វើដំណើរតាមរថយន្ដក្រុង ឆ្ពោះមកកាន់កូរ៉េខាងត្បូង កាលពីម៉ោង ៩៖២០នាទីព្រឹកមិញនេះ។
ក្រសួងដដែលបានឱ្យដឹងទៀតថា ក្រុមកីឡាការិនីទាំងនេះ នឹងត្រូវចូលរួមហាត់សមជាមួយក្រុមកីឡាការិនី កូរ៉េខាងត្បូងនៅឯមជ្ឈមណ្ឌលសម្រាប់អត្តពលិក ស្ថិតនៅក្នុងតំបន់ Jincheon នៃខេត្ត Chungcheong ខាងជើង។
គួរបញ្ជាក់ឡើងវិញថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឯកភាពគ្នាឱ្យក្រុមអត្តពលិករបស់ខ្លួន ដើរជាក្បួនដង្ហែក្រោមទង់ជាតិរួមមួយ នៅឯថ្ងៃបើកព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងារ នៅក្នុងទីក្រុង Pyeong Chang នៃ Gangwon នៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខនេះ៕