(ម៉ូស្គូ)៖ វាលែងជារឿងអាថ៌កំបាំងទៀតហើយ ដែលសហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយបរិក្ខាយោធា និងកងទ័ពនៅលើតំបន់ឧបទ្វីបកូរ៉េ ចាប់តាំងពីទីក្រុងព្យុងយ៉ាង ចាប់ផ្ដើមធ្វើតេស្ដមីស៊ីលឆ្លងទ្វីប កាលពីខែមករា ឆ្នាំ២០១៧មក។ ប៉ុន្តែទន្ទឹមគ្នា ការបង្កើនសកម្មភាពយោធានេះ ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា មន្ទីរ Pentagon ហាក់ដូច ជាកំពុងត្រៀមកងកម្លាំងរបស់ខ្លួន ដើម្បីវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Spuntik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៨។
ការយល់ឃើញខាងលើរបស់ក្រុមអ្នកជំនាញ មិនមែនគ្មានហេតុផលនោះទេ ដ្បិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយអាមេរិកធុន B-2 និងយន្ដហោះទម្លាក់គ្រប់បែកធុន B-52 ដែលសុទ្ធសឹងជាយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយរួចជាស្រេច នៅលើឧបទ្វីបកូរ៉េ។ មិនតែប៉ុណ្ណោះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Business Insider យន្ដហោះទម្លាក់គ្រាប់បែកធុន B-2 អាចត្រូវបានបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរ B-61 ក្នុងពេលឆាប់ៗនេះទៀតផង។
បន្ថែមពីលើនេះ កាលពីដើមខែមករា សេតវិមានបានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាពីលទ្ធភាព នៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្របពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានប្រាប់អ្នកសារព័ត៌មានទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ពីការកើនឡើង នៃការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ហើយថាបើសិនទីក្រុងព្យុងយ៉ាង មិន យល់ព្រមចូលអង្គុយតុចរចា នោះសហរដ្ឋអាមេរិកនឹងចាត់វិធានការ ឬក៏នឹងជ្រើសរើសជម្រើសដោយខ្លួនឯង។
មួយវិញទៀត អ្វីកាន់តែច្បាស់ជាងនេះទៅទៀត សូម្បីតែនាយក CIA លោក Mike Pompeo ក៏មិនបានបដិសេធផងដែរ ចំពោះលទ្ធភាពវាយប្រហារបង្ការជាមុន ប្រឆាំងនឹងកូរ៉េខាងជើង បើទោះជាលោកយល់ថា ដំណោះស្រាយការទូតជាជម្រើសអាទិភាពក៏ដោយ។ «លោកប្រធានាធិបតីមានបំណង ដោះស្រាយបញ្ហាតាមផ្លូវការទូត ប៉ុន្តែបើវាមិនអាចទៅរួច... នោះយើង នឹងផ្ដល់ជម្រើសជាច្រើន ដែលអាចជួយសម្រេចគោលបំណងរបស់គាត់»។ នេះជាការលើកឡើងរបស់ លោក Mike Pompeo។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានគំរាមប្រើប្រាស់កម្លាំងយោធាកម្ទេចកូរ៉េខាងជើង នៅក្នុងករណីត្រូវចាំបាច់ការពារខ្លួនឯង និងសម្ព័ន្ធមិត្ត ពីការគំរាមកំហែងរបស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ ជម្រើសយោធានៅពេលនេះ ទំនងជាគ្រាន់តែស្ថិតនៅក្នុងការគិតរបស់មន្ទីរ Pentagon តែប៉ុណ្ណោះ ព្រោះថាសហរដ្ឋអាមេរិកក៏ដឹងច្បាស់ដែរថា កូរ៉េខាងជើងពេលនេះ មិនមែនជាកូរ៉េខាងជើង កាលពីជាង២០ ឬ៣០ឆ្នាំមុនឡើយ ពោលគឺឥឡូវ រដ្ឋកុម្មុយនីស្ដមួយនេះមានអាវុធនុយក្លេអ៊ែរ ហើយនៅមានចិន និងរុស្ស៊ីជាខ្នងបង្អែកដ៏រឹងមាំថែមទៀត។ ចំណែកឯ កូរ៉េខាងត្បូង និងជប៉ុនក៏មិនចង់ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងយោធា វាយប្រហារលើទីក្រុងព្យុងយ៉ាងមុនដែរ ដ្បិតបើសង្រ្គាមផ្ទុះឡើង អ្នកខាតបង់ធំច្បាស់ណាស់ថា គឺប្រទេសទាំងពីរនេះតែម្តង៕