(ប៉េកាំង)៖ ចំនួនភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ចិន-វៀតណាម តាមច្រកព្រំដែន Dongxing ដែលស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang នៃប្រទេសចិន មានសំន្ទុះកើនឡើងជាខ្លាំង ពោលដល់ទៅចំនួន ៩.៩៧លាននាក់ នៅឆ្នាំ២០១៧ ស្មើនឹងកំណើន ២៨ភាគរយ ធៀបនឹងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
Dongxing គឺជាច្រកព្រំដែនផ្លូវគោកដ៏ធំទីបី នៅក្នុងប្រទេសចិន និងជាច្រកធ្វើដំណើរតែមួយគត់ ដែលតភ្ជាប់រវាងចិន ហើយនិងប្រទេសវៀតណាម តាមរយៈផ្លូវគោកព្រមទាំងផ្លូវសមុទ្រ។ ចាប់តាំងពីឆ្នាំ២០១៣មក ចិនបានបើកឲ្យជនបរទេស ធ្វើបែបបទស្នើសុំទិដ្ឋាការ នៅក្នុងទីក្រុង Dongxing។
លោក Chen Xian ដែលជាមន្រ្តីមួយរូបនៃការិយាល័យត្រួតពិនិត្យព្រំដែននៃទីក្រុង Dongxing បានឲ្យដឹងថា ទីក្រុងបានបើកដាក់សម្ពោធដងវិថីទិញទំនិញមួយ សម្រាប់ការធ្វើពាណិជ្ជកម្មទំនិញឆ្លងព្រំដែន ព្រមទាំងផ្សារទំនើបមួយកន្លែង ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចទិញផលិតផលដោយឥតគិតពន្ធ បានរហូតដល់តម្លៃសរុប ៨,០០០យ័ន ឬស្មើនឹង ១,២៥២ដុល្លារ ជារៀងរាល់ថ្ងៃ ក្នុងការទិញដូរឥវ៉ាន់ឆ្លងព្រំដែន។
គួរជម្រាបថា ក្រៅពីនេះបើតាមអាជ្ញាធរនៃការិយាល័យទេសចរណ៍ក្រុង Dongxing ទីក្រុងនេះក៏បានបើកកម្មវិធីធ្វើដំណើរកម្សាន្ត ជាលក្ខណៈបើកបរយានជំនិះដោយខ្លួនឯង នៅឯទីក្រុង Mong Cai ក្នុងប្រទេសវៀតណាមផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយកាលពីដើមឆ្នាំ២០១៧ ទីក្រុងទាំងពីរបានរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងតាមទីក្រុងមួយចំនួនផ្សេងទៀត របស់ប្រទេសទាំងពីរទៀតផង៕