(វ៉ាស៊ីនតោន)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Michigan State University លោកស្រី លូ អាន់ណា ស៊ីម៉ុន (Lou Anna Simon) បានសម្រេចចិត្តលាលែងចេញពីមុខតំណែងហើយ កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រោយមានការរិះគន់ជាបន្តបន្ទាប់ ជុំវិញការដោះស្រាយរបស់សាកលវិទ្យាល័យមួយនេះ ពាក់ព័ន្ធនឹងចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ប្រឆាំងនឹងអតីតគ្រូពេទ្យកីឡាម្នា្នក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
លោកស្រី Lou Anna Simon បានសម្រេចចិត្តលាលែងចេញពីមុខតំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតគ្រូពេទ្យកីឡាកាយសម្ព័ន្ធអាមេរិក លោក Larry Nassar ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ៤០ រហូតដល់ ១៧៥ឆ្នាំ ជុំវិញរំលោភបំពានផ្លូវភេទលើស្រី្តជាង ១៦០នាក់។
ដោយឡែកនៅក្នុងសំបុត្រលាលែងពីតំណែង លោកស្រី Simon បានផ្ញើសារមួយចំនួនដល់ជនរគ្រោះរំលោភបំពានផ្លូវភេទ ក្រោមស្នាដៃរបស់លោក Nassar ដោយលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាសូមទោសដែលគ្រូពេទ្យដ៏គួរឱ្យទុកចិត្ត និងមាន ឈ្មោះល្បីល្បាញម្នាក់បែរជាក្លាយទៅជាមនុស្សអាក្រក់ មនុស្សអាក្រក់ដែលបានបង្កការឈឺចាប់ក្រោមលេសព្យាបាល»។
គួរបញ្ជាក់ថា លោក Larry Nassar មានអាយុ ៥៤ឆ្នាំ បានសារពីទោសកំហុសក្នុងបទចោទប្រកាន់ចំនួន១០ករណី នៃការរំលោភបំពានផ្លូវភេទលើស្ត្រីជាច្រើននាក់ ក្នុងនោះរួមមាន ទាំងកីឡាការិនីអូឡាំពិក ហើយលើសពីនេះទៅទៀត លោកក៏ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៦០ឆ្នាំផងដែរ ពីបទកាន់កាប់វីដេអូអាសភាសរបស់កុមារ៕