(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានតួកគីជាសាធារណៈជុំវិញការបង្កើនសកម្មភាពយោធា វាយលុកប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ ដែលមានសហរដ្ឋអាមេរិកកាងនៅពីក្រោយ នៅឯភាគខាងជើងប្រទេសស៊ីរី។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានប្រាប់សមភាគីតួកគី លោក Recep Tayyip Erdogan ដែរថា សកម្មភាពបែបនេះអាចនឹងបង្កឱ្យមានជម្លោះដោយផ្ទាល់ ជាមួយកងទ័ពអាមេរិក។ នេះបើតាមសេតវិមានដកស្រង់ដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ពីពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃពុធ បានឱ្យដឹងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យ ភាគីតួកគីបន្ធូរបន្ថយសកម្មភាពយោធារបស់ខ្លួន ដើម្បីបញ្ជៀសឱ្យបាននូវការបង្កគ្រោះថ្នាក់ ដល់អាយុជីវិតជនស៊ីវិល ព្រមទាំងការកើនឡើងនៃចំនួនជនភៀសខ្លួន។ មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវផងដែរឱ្យទីក្រុងអង់ការ៉ា ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន និងជៀសវាងរាល់សកម្មភាពទាំងឡាយណា ដែលអាចនឹងនាំឱ្យមានការប៉ះទង្គិចគ្នាដោយ ផ្ទាល់រវាងយោធាអាមេរិក និងតួកគី»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសន្យាបង្កើន និងពង្រីកការវាយលុកនៅក្នុង តំបន់ភាគខាងជើងប្រទេសស៊ីរី ទៅទីក្រុងមួយទៀតគឺ Manbij ជាទីដែលកងទ័ពអាមេរិក កំពុងបណ្ដុះបណ្ដាលពួកអ្នកប្រយុទ្ធឃើដ។ មួយវិញទៀត នៅពេលលោក Erdogan បានបញ្ជូនកងទ័ពតួកគីចូលទៅកាន់ទីក្រុង Afrin រុស្ស៊ីបែរជាដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់នេះទៅវិញ៕