(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) វិញម្តង បន្ទាប់ពីរូបលោកផ្ទាល់ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានប្រាប់ឲ្យដឹងថា លោក Macron ត្រូវបានអញ្ជើញមកកាន់សេតវិមាន ដើម្បីការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង នៅឯសហរដ្ឋអាមេរិក ក្រោមរដ្ឋាភិបាលរបស់ លោក ដូណាល់ ត្រាំ។
បើតាមលោកស្រី Sanders កាលបរិច្ឆេទជាក់លាក់ កំពុងស្ថិតក្រោមការពិចារណានៅឡើយ ខណៈបណ្តាញសារព័ត៌មានអាមេរិកមួយចំនួនដែលអះអាងថា ទទួលបានប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋបាលលោក ត្រាំ បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Macron នឹងប្រព្រឹត្តទៅនៅអំឡុងចុងខែមេសា ឆ្នាំ២០១៨។
គួរជម្រាបថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងសមភាគីលោក Emmanuel Macron បានពិភាក្សាគ្នាតាមទូរស័ព្ទប៉ុន្មានលើករួចមកហើយកាលពីឆ្នាំមុន ហើយលោក ត្រាំ បានបំពេញទស្សនកិច្ចនៅឯប្រទេសបារាំង កាលពីខែកក្កដា ឆ្នាំ២០១៧ ពោលគឺក្រោយពីសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបាននាំឲ្យប្រទេសស្ទើរតែទាំងអស់លើលោក រិះគន់យ៉ាងខ្លាំង៕