(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងអង្គភាព និងបុគ្គលជាច្រើននាក់ មានជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើង ដែលកំពុងជួបចរចា ស្វែងរកផ្លូវផ្សះផ្សាជាមួយកូរ៉េខាងត្បូង។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានទាត់ចោលសំណើរបស់ភាគីកូរ៉េខាងត្បូង ដែលចង់ដំណើរការនីតិវិធីផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនកូរ៉េខាងជើងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងរតនាគារជាតិអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ០៩ ក្នុងនោះរួមក្រុមហ៊ុនចិនចំនួន ០២ ព្រមទាំងជនជាតិកូរ៉េខាងជើង ១៦នាក់ និងនាវាកូរ៉េខាងជើង ០៦គ្រឿង ផងដែរ។ ដោយឡែកជុំវិញទណ្ឌកម្មថ្មីនេះដែរ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងរតនាគារជាតិអាមេរិក បន្តដាក់ទណ្ឌកម្មជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងបុគ្គល និងអង្គភាពកូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុ ដល់របបដឹកនាំរបស់ លោក គីម ជុងអ៊ុន និង កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើង។ បន្ថែមពីលើនេះ អ្នករួមគំនិត ឬរំលោភលើទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មីនេះដែរ។
គួរបញ្ជាក់ថា បើតាមលោក Steven Mnuchin សហរដ្ឋអាមេរិក ក៏មានគោលដៅដាក់ទណ្ឌកម្មផងដែរលើបុគ្គល និងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន និងរុស្ស៊ី ជាពិសេសគឺ អ្នកដែលបានចូលរួមចំណែក ឬក៏ធ្វើការងារក្នុងចេតនាជួយរកប្រាក់ចំណូលឱ្យកូរ៉េខាងជើង តាមរយៈការស្នើឱ្យបណ្ដេញពួកគេចេញពីប្រទេសពួកគេកំពុងស្នាក់នៅ៕