(ប៉ារីស)៖ ប្រជាជនក្នុងទីក្រុងប៉ារីស ត្រូវបានណែនាំឱ្យស្ថិតនៅឆ្ងាយពីទន្លេសែន ដោយកម្ពស់ទឹកបន្តកើនឡើង រីឯផ្លូវជាច្រើនត្រូវជន់លិច ហើយការធ្វើចរាចរណ៍ត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
ខណៈកម្ពស់ទឹកនៅតែបន្តកើនឡើង កាលពីថ្ងៃពុធអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា កម្ពស់ទឹកទន្លេសែន អាចនឹងហក់ឡើងខ្ពស់ជាង ៦.១ម៉ែត្រ នៃកម្ពស់ទឹកកាលពីឆ្នាំ២០១៦ ដែលជាកម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេលមួយសតវត្សរ៍មកនេះ និងច្រើនជាងកម្ពស់ ០៤ម៉ែត្រ នៃខ្ពស់ទឹកទន្លេក្នុងកម្រិតធម្មតា។ ព្រមពេលជាមួយគ្នា ដើម្បីសុវត្ថិភាព អាជ្ញាធទីក្រុងប៉ារីសបានបិទចរាចរណ៍នៅតាមដងផ្លូវក្បែរទន្លេសែន ក្នុងនោះរួមមានការធ្វើដំណើរតាមទូក និងហាមមិនឱ្យនាវា ឬកប៉ាល់ ធ្វើដំណើរនៅក្រោមស្ពានទន្លេសែនផងដែរ។
គួររំលឹកថា ទីក្រុងប៉ារីស ធ្លាប់រងគ្រោះដោយសារទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ ១៩១០ ដោយកម្ពស់ទឹកទន្លេសែននៅពេលនោះឡើងដល់ ៨.៦២ម៉ែត្រ៕