(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំង បានថយចុះជាលើកដំបូង នៅក្នុងអំឡុងពេល២ទសវត្សរ៍កន្លងនេះ ពោលគឺមកនៅត្រឹម ២១.៧លាននាក់ កាលពីឆ្នាំ២០១៧៕

២៖ សមាជិកនៃក្រុមប្រដាប់អាវុធឃើដ YPG យ៉ាងតិចចំនួន២៦០នាក់បានបាត់បង់ជីវិត នៅក្រោមប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលតួកគី ឆ្លងចូលមកក្នុងទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ សប្តាហ៍មុនមក៕

៣៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) កំពុងផ្តោតសំខាន់ទៅលើការគំរាមកំហែង នៃលទ្ធភាពវាយប្រហារយោធាពីសំណាក់ប្រទេសចិន ដោយ លោកស្រីបាននិយាយថាទីក្រុងតៃប៉ិមិនអាចធានាបានទាំងស្រុងនោះឡើយថា ការវាយប្រហារបែបនេះនឹងពុំអាចកើតមានឡើងនោះ ខណៈដែលកម្លាំងយោធារបស់ទីក្រុងប៉េកាំង នៅបន្តធ្វើសមយុទ្ធកាន់តែញឹកញាប់ឡើង នៅក្បែរៗដែនដីកោះនេះ៕

៤៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានសម្រេចជោគជ័យជាលើកដំបូងរបស់ខ្លួន នៅក្នុងការពិសោធន៍ស្រាវជ្រាវវិធីសាស្រ្តថ្មី Lunar Laser Ranging (LLR) ពោលគឺការវាស់រយៈចម្ងាយ រវាងផែនដី និងព្រះច័ន្ទ តាមរយៈការប្រើប្រាស់ប្រព័ន្ធ តេឡេស្កូបឡាស៊ែរមួយគ្រឿង មានមុខកាត់ប្រវែង ១.២ម៉ែត្រ៕

">

៥៖ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយទៀតហើយ គឺអាកាសចរណ៍ Tianjin Airlines នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកឲ្យអ្នកដំណើរប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចល័តរបស់ ពួកគេ រួមមានស្មាតហ្វូន និង Tablet ជាដើម នៅក្នុងពេលហោះហើរបាន៕

៦៖ មនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដពីរលើកផ្ទួនៗគ្នា នៅក្បែរវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុង Benghazi ប្រទេសលីប៊ី៕