(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានទាត់ចោលយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្ដីព្រាង នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខយូអិនរបស់រុស្ស៊ី ជុំវិញការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិមួយ ដើម្បីស្វែង រកអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ផ្អែកលើទិន្នន័យជាក់ស្ដែង និងមិនអាចប្រកែកបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារ អ្នកតំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំយូអិន លោក Vasily Nebenzia បានលើកឡើងដូច្នេះថា «យើងចង់លើកឡើងពីភាពខុសគ្នា និងសំណើពាក់ព័ន្ធនឹងការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិមួយ ក្នុងគោលបំណងស្វែងរកអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារដោយអាវុធគីមីនៅស៊ីរី ផ្អែកលើទិន្នន័យជាក់ស្ដែង និងមិនអាចប្រកែកបានប្រកដដោយតម្លាភាព និងគួរឱ្យទុកចិត្តបាន»។
ប៉ុន្តែទន្ទឹមគ្នានោះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន លោកស្រី Nikki Haley បានច្រានចោលសំណើនេះ ដោយអះអាងថា ទីក្រុងម៉ូស្គូ កំពុងព្យាយាមការពាររបបដឹកនាំប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ពីបទឧក្រិដ្ឋ។ «នៅពេលរុស្ស៊ីមិនហ៊ានប្រឈមមុខនឹងការពិត ពួកគេព្យាយាម និងបង្កឧបសគ្គដល់កិច្ចសន្ទនា ក្នុងចេតនាការពារ និងបិទបាំងរបបដឹកនាំស៊ីរី ពីការទទួលខុសត្រូវលើការវាយប្រហារដោយអាវុធគីមី ប្រឆាំងនឹងប្រជាជនរបស់ខ្លួន»។ នេះ ជាការលើកឡើងរបស់ លោកស្រី Nikki Haley។
គួរបញ្ជាក់ថា អាណត្តិនៃការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងអង្គការសម្រាប់ហាមឃាត់អាវុធគីមី (OPCW) បានអស់សុពលភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបរាជ័យ ក្នុងការពន្យាអាណត្តិបន្ត។ ចំណែកឯ ទីក្រុងម៉ូស្គូបានរិះគន់ជាបន្តបន្ទាប់ លើការស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅស៊ីរី ក្នុងនោះរួមមានទាំង ការប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុង Khan Shaykhun នៃខេត្ត Idlib ដែលបានឱ្យជនស៊ីវិលស៊ីរីច្រើនជាង ៨០នាក់ បាត់បង់ជីវិតកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ផងដែរ៕