(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានសម្រេចជោគជ័យជាលើកដំបូងរបស់ខ្លួន នៅក្នុងការពិសោធន៍ស្រាវជ្រាវវិធីសាស្រ្តថ្មី Lunar Laser Ranging (LLR) ពោលគឺការវាស់រយៈចម្ងាយរវាងផែនដី និងព្រះច័ន្ទ តាមរយៈការប្រើប្រាស់ប្រព័ន្ធ តេឡេស្កូបឡាស៊ែរមួយគ្រឿង មានមុខកាត់ប្រវែង ១.២ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ដោយផ្អែកទៅលើរលកសញ្ញានៃសន្ទុះកាំរស្មីឡាស៊ែរ ដែលជះចេញពីឧបករណ៍ចំណាំងផ្លាត បង្កប់នៅលើឋានព្រះច័ន្ទ ដោយក្រុមបេសកកម្ម Apollo 15 របស់សហរដ្ឋអាមេរិក ក្រុមវិទ្យាសាស្រ្តវិទូចិន មកពីមូលដ្ឋានឃ្លាំមើលតារាសាស្រ្តក្នុងខេត្ត Yunnan បានធ្វើការវាស់វែងរយៈចម្ងាយ រវាងឧបករណ៍ចំណាំងផ្លាតរបស់ Apollo 15 និងស្ថានីយ Yunnan ឃើញថា មានចម្ងាយចន្លោះពី ៣៨៥,៨២៣.៤៣៣គីឡូម៉ែត្រ ទៅ ៣៨៧,១១៩.៦០០គីឡូម៉ែត្រ កាលពីដើមសប្តាហ៍នេះ (ចម្ងាយផ្លូវការគឺ ៣៨៤,៤០០គីឡូម៉ែត្រ)។
បើតាមទ្រឹស្តី បច្ចេកវិទ្យា LLR គឺជាការវាស់ចម្ងាយរវាងភពផែនដី និងឋានព្រះច័ន្ទ តាមរយៈការគណនា ទៅលើរយៈពេល ដែលសន្ទុះកាំរស្មីឡាស៊ែរមួយត្រូវការ ដើម្បីធ្វើដំណើរពីស្ថានីយវិទ្យាសាស្រ្តមួយកន្លែង នៅលើភពរបស់យើង ទៅកាន់ឧបករណ៍ចំណាំងផ្លាតនៅលើឋានព្រះច័ន្ទ ហើយត្រឡប់មកវិញ។
គួរជម្រាបថា LLR ខាងលើនេះ ត្រូវបានធ្វើឡើង នៅក្នុងបរិបទដែលចិន កំពុងរៀបចំ ចេញបេសកកម្មរុករកលើឋានព្រះច័ន្ទ Chang'e-4 នាឆ្នាំ២០១៨នេះ។ យានអវកាស Chang'e-4 ត្រូវគេរំពឹងថា នឹងធ្វើការចុះចតនៅលើផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា The Far Side ឬក៏ The Dark Side ដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅទីនោះ ជាលើកដំបូងបង្អស់។
សម្រាប់បេសកកម្មនៅឋានព្រះច័ន្ទនេះ គេសង្កេតឃើញថា មានតែបីប្រទេសប៉ុណ្ណោះ ដែលកំពុងនាំមុខ និងសកម្មភាពជាងគេ នោះគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនផ្ទាល់តែម្តង។ សម្រាប់ចម្ងាយជាផ្លូវការរវាងផែនដីនឹងព្រះច័ន្ទ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងឯកសារផ្លូវការ សម្រាប់សិស្សធ្វើការសិក្សានោះ គឺ 384,400 km ហើយបើគិតពីជាល្បឿនពន្លឺវិញ គឺបើយើងជិះពីផែនដីទៅព្រះច័ន្ទ ត្រូវបើពេលតែមួយវិនាទីប៉ុណ្ណោះ៕