(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយទៀតហើយ គឺអាកាសចរណ៍ Tianjin Airlines នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកឲ្យអ្នកដំណើរប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចល័តរបស់ពួកគេ រួមមានស្មាតហ្វូន និង Tablet ជាដើម នៅក្នុងពេលហោះហើរបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
យ៉ាងណាមិញ បើតាមក្រុមហ៊ុនអាកាសចរណ៍ខាងលើ ឧបករណ៍អេឡិចត្រូនិកទាំងនោះ ដែលពុំមាន Ariplane Mode នឹងនៅតែត្រូវហាមឃាត់មិនឲ្យប្រើប្រាស់លើយន្តហោះដដែល ហើយក្រុមការងារ មានសិទ្ធិស្នើឲ្យអ្នកដំណើរទាំងឡាយ បិទឧបករណ៍នានា ដែលអាចបង្កការរំខានដល់ការហោះហើរបាន។
គួរជម្រាបថា ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន នាខែមករានេះ បានស្នើឲ្យបម្រាមហាមឃាត់ការប្រើប្រាស់គ្រឿងអេឡេត្រូនិច នៅលើយន្តហោះ ត្រូវដកចេញវិញ។ ចាប់តាំងពីការប្រកាសនេះមក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានដកបម្រាមនេះចេញជាបន្តបន្ទាប់ រួមមានអាកាសចរណ៍ China Eastern Airlines, Hainan Airlines, China Southern Airlines, និង Xiamen Airlines ជាដើម៕