(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) កំពុងផ្តោតសំខាន់ទៅលើការគំរាមកំហែង នៃលទ្ធភាពវាយប្រហារយោធាពីសំណាក់ប្រទេសចិន ដោយលោកស្រីបាននិយាយថា ទីក្រុងតៃប៉ិមិនអាចធានាបានទាំងស្រុងនោះឡើយថា ការវាយប្រហារបែបនេះ នឹងពុំអាចកើតមានឡើងនោះ ខណៈដែលកម្លាំងយោធារបស់ទីក្រុងប៉េកាំង នៅបន្តធ្វើសមយុទ្ធកាន់តែញឹកញាប់ឡើង នៅក្បែរៗដែនដីកោះនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ថ្លែងជាមួយស្ថានីយទូរទស្សន៍តៃវ៉ាន់នាពេលថ្មីៗនេះ លោកស្រី Tsai បានលើកឡើងយ៉ាងដូច្នេះថា «ពុំមាននរណាម្នាក់ អាចដកលទ្ធិភាពដែលថា តៃវ៉ាន់នឹងអាចទទួលរងការវាយលុក ដោយយោធាពីទីក្រុងប៉េកាំងបានឡើយ»។ ឆ្លើយតបចំពោះសំណួរដែលចោទសួរថា តើប្រទេសចិន អាចនឹងប្រើប្រាស់កម្លាំងបាយ ប្រឆាំងនឹងកោះតៃវ៉ាន់ដែរ ឬយ៉ាងណា។ លោកស្រី Tsai បានបញ្ជាក់ថា «យើងនឹងត្រូវការទន្ទឹងរង់ចាំមើលសិនថា តើអ្នកតាក់តែងគោលនយោបាយរបស់ពួកគេ មានហេតុផលដែរ ឬអត់»។
គួរជម្រាបថា សាធារណរដ្ឋប្រជាមានិតចិន (ប្រទេស) បានចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួន ដែលចង់បានឯករាជ្យប៉ុណ្ណោះ ហើយបើសិនជាកោះនេះ ហ៊ានប្រកាសឯករាជ្យនោះ ទីក្រុងប៉េកាំងប្រាកដជាមិនលើកលែងឲ្យនោះឡើយ៕