(វ៉ាស៊ីនតោន)៖ ឃើញកូរ៉េខាងជើងនៅស្ងៀមកុំអាលអរ តាមការពិតរបបដឹកនាំកុម្មុយនីស្ដនេះ កំពុងបង្កើនសមត្ថភាពបាញ់មីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ ក្នុងរយៈពេលតែមួយ ដែលនេះគឺនឹងកា្លយជាការគំរាមកំហែងដ៏ធំ ដល់សហរដ្ឋអាមេរិក។ នេះបើតាមសម្តីរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងបែបនេះនៅឯវិទ្យាស្ថាន American Enterprise Institute កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ លោក Pompeo បានគូសបញ្ជាក់ដូច្នេះថា «លោក គីម ជុងអ៊ុន នឹងមិនបញ្ឈប់ ត្រឹមតែការធ្វើតេស្ដមីស៊ីលដោយជោគជ័យនោះទេ ពោលគឺនៅជំហានបន្ទាប់ ទីក្រុងព្យុងយ៉ាងនឹងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដែលមិនមែនបាញ់ចេញគ្រាប់តែមួយឡើយ ហើយក៏មិនដើម្បីបង្អួត ឬក៏សម្រាប់តែធ្វើព្យុហយាត្រាយោធានោះដែរ... ប៉ុន្តែវាជាការបង្កើនសមត្ថភាពបាញ់មីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនគ្រាប់ក្នុងពេលតែមួយ»។
គួររំលឹកថា កាលពីឆ្នាំ២០១៧ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី ៦ និងដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាបន្តបន្ទាប់ រហូតដល់ក្រុមអ្នកជំនាញសន្មត់ថា ចាប់ពីពេលនេះតទៅកូរ៉េខាងជើង អាចបាញ់មីស៊ីលដល់ដែនដីគោករបស់សហរដ្ឋអាមេរិក ខណៈលោក Mike Pompeo ក៏ធ្លាប់បាននិយាយដែរថា កូរ៉េខាងជើងនឹងចំណាយរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីអាចមានសមត្ថភាពបាញ់មីស៊ីល ឬអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក៕