(សាន់ហ្រ្វាន់ស៊ីស្កូ)៖ សេចក្តីព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីពុំមានសេចក្តីរាយការណ៍អំពីសញ្ញានៃរលកធំៗ ដែលអាចបង្កជាការគំរាមកំហែង ឬក៏នាំឲ្យមានការបំផ្លិចបំផ្លាញ-ខូចខាត ព្រមទាំងមនុស្សរងគ្រោះ ដោយសារតែគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.៩រ៉ិចទ័រ (បន្ថយពី៨.១ និង៨.០រ៉ិចទ័រ) ដែលបានវាយប្រហារដែនសមុទ្រភាគខាងត្បូង នៃរដ្ឋអាឡាស្កា (Alaska) កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ការប្រកាសលុបចោលខាងលើ ត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលឃ្លាំមើល និងព្រមានពីរលកយក្សស៊ូណាមិជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។ សារព្រមានពីរលកយក្ស ត្រូវបានដាក់ចេញភ្លាមៗ ក្រោយពីគ្រោះរញ្ជួយដីខាងលើ បានវាយប្រហារនៅចម្ងាយប្រមាណ ២៩០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Kodiak ក្នុងឈូងសមុទ្រនៃរដ្ឋអាឡាស្កា។
គួរជម្រាបថា បើតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីខាងលើ ត្រូវបានគេវាស់ស្ទង់ថា មានជម្រៅប្រហែល ២៥គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ហើយត្រូវបានគេទម្លាក់កម្រិតរ៉ិចទ័រពីខ្ទង់ ៨.០រ៉ិចទ័រ មកនៅត្រឹម ៧.៩រ៉ិចទ័រវិញ។ ហេតុការណ៍នេះមិនត្រឹមតែបង្កឲ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ តែសម្រាប់រដ្ឋអាឡាស្កាប៉ុណ្ណោះទេ តែសម្រាប់បណ្តោយឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិកទាំងមូល ដោយរួមទាំងរដ្ឋកាលីហ្វរញ៉ានៅភាគនិរតីប្រទេស ក៏រងការព្រមានដូចគ្នាដែរ៕