(ដាម៉ាស)៖ មនុស្សប្រមាណជាង ១០,០០០នាក់ហើយ បានបាត់បង់ជីវិត ដោយគិតចាប់តាំងតែពីកងយោធាចំរុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរី កាលពីខែកញ្ញា ឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
បើតាមការអះអាងពីក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី សរុបមកប្រជាជនស្លូតត្រង់ចំនួន ២,៨១៥នាក់ ដោយក្នុងនោះកុមារមានចំនួន ៦៥៥នាក់ ព្រមទាំងសមាជិកនៃក្រុមភេរវករ ISIS ប្រមាណ ៧,៣៩៦នាក់ គឺស្ថិតក្នុងចំណោមមនុស្ស ដែលបានស្លាប់ទាំងអស់នោះ។
អង្គការសិទ្ធិមនុស្ស ដែលមានទីស្នាក់ការនៅឯទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេសនេះ បានបញ្ជាក់ថា ក្រុមចំរុះអន្តរជាតិនៅតែបន្តធ្វើប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស នៅតាមតំបន់ជាច្រើន នៃប្រទេសស៊ីរី ទោះបីជាទឹកដីស៊ីរីត្រឹមតែ ០៣ភាគរយ ប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមភេរវករនេះ ក្រោយពីពួកគេបានទទួលបរាជ័យ នៅក្នុងមូលដ្ឋានស្នូលធំៗរបស់ខ្លួន នៅភាគខាងជើង និងខាងកើតស៊ីរី។
គួរជម្រាបថា តាំងពីដើមមក រដ្ឋាភិបាលស៊ីរីតែងតែបានថ្កោលទោសធ្ងន់ៗ ទៅលើក្រុមយោធាអន្តរជាតិនេះ ដោយរិះគន់ចំៗថា វាគឺជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែកងកម្លាំងនេះ កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលទីក្រុងដាម៉ាស់ឡើយ។ ម៉្យាងវិញទៀត ដោយសារតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ នៃជនស៊ីវិលដែលបានបាត់បង់ជីវិត រដ្ឋាភិបាលស៊ីរី ក៏បានទទូចឲ្យអង្គការសហប្រជាជាតិ រំលាយក្រុមយោធាចំរុះនេះចោលផងដែរ៕