(លីប៊ី)៖ មនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដពីរលើកផ្ទួនៗគ្នា នៅក្បែរវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុង Benghazi ប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ មនុស្សពី២០នាក់ ទៅ៣០នាក់ ក៏បានរងរបួសដោយសារតែការវាយប្រហារនេះដែរ ដែលវាបានកើតឡើងផ្ទួនៗគ្នាតែម្តង។ ការវាយប្រហារលើកទី១ បានកើតឡើងនៅខាងមុខវិហារនៅតំបន់ al-Sleimani ខណៈមនុស្សជាច្រើននាក់ កំពុងចាកចេញពីវិហារក្រោយថ្វាយបង្គំនៅពេលល្ងាច ហើយប៉ុន្មាននាទីមកទៀតរថយន្ដទី២ ស្រាប់តែផ្ទុះនៅលើដងផ្លូវស្ថិតនៅក្បែរវិហារនេះ។
គួរបញ្ជាក់ថា ទាំងយោធា និងជនស៊ីវិលសុទ្ធតែជាស្ថិតនៅចំណោមជនរងគ្រោះ។ ប៉ុន្តែពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ រីឯអាជ្ញាធរលីប៊ី កំពុងដាក់ការសង្ស័យលើក្រុម ISIS៕