(អង់ការ៉ា)៖ សមាជិកនៃក្រុមប្រដាប់អាវុធឃើដ YPG យ៉ាងតិចចំនួន ២៦០នាក់ បានបាត់បង់ជីវិត នៅក្រោមប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលតួកគី ឆ្លងចូលមកក្នុងទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមក។ នេះបើតាមការអះអាងដោយផ្ទាល់ ពីកងកម្លាំងយោធាតួកគី ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
កងកម្លាំងប្រដាប់វុធនៃប្រទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការយោធា Operation Olive Branch នៅតែបន្តប្រព្រឹត្តទៅដោយជោគជ័យ និងតាមការគ្រោងទុក។ បើតាមសេចក្តីថ្លែងការណ៍ ពលទាហានតួកគីម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃអង្គារម្សិលមិញ ដែលធ្វើឲ្យចំនួនជនរងគ្រោះសរុប នៅក្នុងជួរកងទ័ពតួកគី ០៣នាក់ គិតចាប់តាំងពីថ្ងៃបើកប្រតិបត្តិការ បានចាប់ផ្តើម ខណៈពួក YPG យ៉ាងតិច ២៦០នាក់ បានស្លាប់។
គួរជម្រាបថា យោធាតួកគីបានបើកប្រតិបត្តិការ ឆ្លងចូលព្រំដែននៃប្រទេសស៊ីរី ក្នុងគោលបំណងកម្ទេចជនសកម្មប្រយុទ្ធឃើដ YPG ដែលខ្លួនចាត់ទុកថា គឺជាក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃើដ នៅតួកគី និងបន្ទាប់ពីមានដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងបង្កើតកម្លាំងការពារព្រំដែន នៅតាមបណ្តាយព្រំដែនភាគខាងជើងស៊ីរីជាប់នឹងតួកគី ចេញពីក្រុមប្រដាប់អាវុធនេះ៕