(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Twitter នៅថ្ងៃអង្គារនេះ បានប្រកាសថា នាយកចាត់ចែងការងារប្រចំាថ្ងៃ (COO) របស់ខ្លួនគឺលោក Anthony Noto បានសម្រេចចិត្តលាលែងពីតំណែង ហើយ។ COO មានតួនាទីចាត់ចែងការងារប្រចាំថ្ងៃ និងធ្វើរបាយការណ៍ជូននាយកប្រតិបត្តិ (CEO) ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
យោងតាម CNBC ក្រោយការលាលែងពីតំណែង លោក Anthony Noto នឹងក្លាយជានាយកប្រតិបត្តិថ្មី (CEO) របស់ក្រុមហ៊ុនហិរញ្ញវត្ថុ SoFi ហើយការប្រកាសចាកចេញពី ក្រុមហ៊ុន Twitter នេះទៀតសោត កើតមានឡើងបន្ទាប់លេចលឺពាក្យចចាមអារ៉ាមជាច្រើនថាក្រុមហ៊ុន SoFi នឹងផ្ដល់ការងារឱ្យ លោក Noto។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុង សេចក្ដីថ្លែងការណ៍មួយ លោក Noto បានគូសបញ្ជាក់ដូច្នេះថា៖«ធ្វើការងារឱ្យក្រុមហ៊ុន Twitter គឺជាឱកាសមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះក្រុមការងាររបស់ខ្ញុំ និងសមិទ្ធិផលសំខាន់ៗដែលពួកយើងសម្រេចបាន នៅអំឡុងពេលខ្ញុំនៅជាមួយក្រុមហ៊ុន»។
គួរបញ្ជាក់ថា ក្រោយការប្រកាសពីលាលែងពីតំណែងរបស់លោក Anthony Noto នេះដែរ ភាគហ៊ុនក្រុមហ៊ុន Twitter បានធ្លាក់ចុះអស់០៣ភាគរយ នៅលើទីផ្សារភាគហ៊ុន៕